National
បារីក្លែងបន្លំម៉ាកជាង ៦០០តោន ត្រូវបានដុតកម្ទេចចោល ក្រោយសមត្ថកិច្ចបង្ក្រាបបាននៅខេត្តតាកែវ

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ បារីក្លែងបន្លំម៉ាក និងសម្ភារពាក់ព័ន្ធជាង ៦០០តោន ត្រូវបានសមត្ថកិច្ចកម្ពុជាដុតកម្ទេចចោល ក្រោយរកឃើញ និងបង្ក្រាបទីតាំងរោងចក្រ និងឃ្លាំងស្តុកដែលពាក់ព័ន្ធនឹងការផលិតបារីក្លែងម៉ាកចំនួន ៣១ប្រភេទ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ការបង្ក្រាបនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន តាមរយៈការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសកម្មភាពផលិត និងចរាចរផលិតផលក្លែងក្លាយ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីដុតកម្ទេចបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទាំងនោះ។ លោកបានបញ្ជាក់ថា ការបំផ្លាញវត្ថុតាងនេះធ្វើឡើងស្របតាមនីតិវិធីច្បាប់ និងក្រោមការសម្រេចរបស់ស្ថាប័នអយ្យការ ដើម្បីទប់ស្កាត់មិនឱ្យវត្ថុតាងទាំងនេះត្រូវបានយកទៅប្រើប្រាស់ លក់ ចែកចាយ ឬបង្វិលចូលទីផ្សារឡើងវិញ។
លោក ស សុខា បានសង្កត់ធ្ងន់ថា ការផលិត និងចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី អាចបង្កការយល់ច្រឡំដល់អ្នកប្រើប្រាស់ ប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ម៉ាក និងអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។ លោកបានជំរុញឱ្យមន្ត្រី និងស្ថាប័នពាក់ព័ន្ធបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាបការផលិត និងចរាចរបារីក្លែងក្លាយ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលក្រុងដូនកែវ
https://www.facebook.com/share/p/1CGqpc5Ent/
រាយការណ៍ដោយ៖ The Khmer Today


