International
ផ្ទុះការចាប់អារម្មណ៍! អ្នកគ្រូវៀតណាមម្នាក់ ជួយសង្គ្រោះក្មេងចេញពីរថយន្ត រហូតត្រូវរថយន្តកិនជើងទាំងពីរ

ភ្នំពេញ៖ អ្នកគ្រូមត្តេយ្យម្នាក់នៅខេត្តង៉ែអាន ប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍ បន្ទាប់ពីប្រញាប់រត់ចូលជួយសង្គ្រោះក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ដែលបានរត់ចេញទៅលើផ្លូវ ខណៈរថយន្តដឹកទំនិញកំពុងបើកសំដៅមក។ អ្នកគ្រូបានឱបក្មេងចេញពីគ្រោះថ្នាក់ ប៉ុន្តែខ្លួនឯងត្រូវរថយន្តកិនជើងទាំងពីរ។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៨ ខែសីហា នៅសាខាសាលាតឹងឡឹម នៃសាលាមត្តេយ្យភូសឺន ខេត្តង៉ែអាន។ បន្ទាប់ពីឃើញក្មេងប្រុសរត់ចេញទៅលើផ្លូវ និងរថយន្តកំពុងបើកមក អ្នកគ្រូ ហួង ធី ហៀន បានប្រញាប់រត់ទៅឱបក្មេង។ ក្មេងប្រុសត្រូវបានជួយឱ្យរួចផុតពីគ្រោះថ្នាក់ ខណៈអ្នកគ្រូបានរងរបួសធ្ងន់នៅជើងទាំងពីរ។
តាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាព វៀតឌឹក ក្នុងទីក្រុងហាណូយ ជើងខាងស្តាំរបស់អ្នកគ្រូរងរបួសធ្ងន់ ដោយសរសៃពួរ និងឆ្អឹងត្រូវបានបាក់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់បន្ទាន់ ដើម្បីយកជាលិកាដែលខូច និងវត្ថុបរទេសចេញ ព្រមទាំងព្យាយាមរក្សាជើងរបស់អ្នកគ្រូឱ្យបានច្រើនបំផុត។ ក្រោយព្យាបាល១០ថ្ងៃ ជើងខាងឆ្វេងមានស្ថានភាពប្រសើរឡើង ប៉ុន្តែជើងខាងស្តាំនៅតែមានការខូចខាត និងត្រូវការវះកាត់បន្ថែម។
ដោយសារសកម្មភាពក្លាហាន និងការលះបង់ដើម្បីការពារជីវិតសិស្ស អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានចុះហត្ថលេខាផ្តល់ គ្រឿងឥស្សរិយយសភាពក្លាហាន ដល់អ្នកគ្រូ ហួង ធី ហៀន។ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមក៏បានផ្តល់ប័ណ្ណសរសើរ ខណៈបុគ្គល និងអង្គការជាច្រើនបានចូលរួមប្រមូលថវិកាជួយដល់អ្នកគ្រូ ដែលជាម្តាយចិញ្ចឹមកូនតូច២នាក់ និងកំពុងជួបការលំបាកផ្នែកជីវភាព៕
ប្រភព៖TUOITRE
រាយការណ៍ដោយ៖ The Khmer today


