National
សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកទិវាសន្តិភាពអន្តរជាតិ អំពាវនាវដោះស្រាយភាពតានតឹងព្រំដែនដោយសន្តិវិធី

ភ្នំពេញ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ — សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារក្នុងឱកាសទិវាសន្តិភាពអន្តរជាតិជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាព និងអំពាវនាវឱ្យដោះស្រាយភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ សម្ដេចធិបតីបានរំលឹកថា ទិវាសន្តិភាពអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ ខណៈប្រធានបទឆ្នាំនេះគឺ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា»។
សម្ដេចធិបតីបានថ្លែងអំណរគុណដល់កងទ័ព និងកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ជីវិតដើម្បីការពារជាតិ និងប្រជាជន ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រសន្តិភាព។ សម្ដេចធិបតីក៏បានរំលឹកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា ចាប់ពីសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម រហូតដល់ការបញ្ចប់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ។
ពាក់ព័ន្ធស្ថានការណ៍ព្រំដែន សម្ដេចធិបតីបានលើកឡើងថា សន្តិភាពរបស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបណ្ដាលឱ្យមានការបាត់បង់ជីវិត ប៉ះពាល់ដល់ប្រជាជនតាមព្រំដែន និងធ្វើឱ្យគ្រួសាររាប់ពាន់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានបាន។ សម្ដេចធិបតីបានអំពាវនាវឱ្យភាគីថៃគោរពការប្តេជ្ញាចិត្តដែលបានព្រមព្រៀងគ្នា ដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង និងស្តារសន្តិភាព ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសុខដុមរមនា។
ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពចំនួន១០,៩១២នាក់ ក្នុងនោះមានស្ត្រី១,០៨២នាក់ ទៅចូលរួមបេសកកម្មនៅ១០ប្រទេស។ សម្ដេចធិបតីក៏បានឱ្យដឹងថា នៅពាក់កណ្តាលខែវិច្ឆិកា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដោយផ្តោតលើការកសាងសន្តិភាព និងស្ថិរភាពរយៈពេលវែង ព្រមទាំងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ដោយមិនប្រើកម្លាំង។
ប្រភព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី
https://pressocm.gov.kh/archives/126497
United Nations


