International
តម្លៃប្រេងឆៅ Brent ហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈជម្លោះជាមួយអ៊ីរ៉ង់កាន់តែរីកធំឡើង

តម្លៃប្រេងឆៅ Brent ហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈជម្លោះជាមួយអ៊ីរ៉ង់កាន់តែរីកធំឡើង
ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៦
(រ៉យទ័រ) – តម្លៃប្រេងបានបន្តហក់ឡើងនៅថ្ងៃចន្ទនេះ ដោយតម្លៃប្រេងឆៅម៉ាក Brent ត្រៀមនឹងឈានទៅដល់ការកើនឡើងប្រចាំខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីក្រុមហ៊ូធីនៅយេម៉ែនបានបើកការវាយប្រហារជាលើកដំបូងលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដែលធ្វើឱ្យសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់កាន់តែរីកធំឡើងនៅមជ្ឈិមបូព៌ា។
តម្លៃប្រេងឆៅ Brent បានហក់ឡើង ៣,០៩ ដុល្លារ ឬ ២,៧៤% ដល់ ១១៥,៦៦ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២៣:៥៣ GMT បន្ទាប់ពីបានហក់ឡើង ៤,២% កាលពីថ្ងៃសុក្រ។ ចំណែកឯតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក (WTI) បានឡើងដល់ ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ២,៩២ ដុល្លារ ឬ ២,៩៣% បន្ទាប់ពីការកើនឡើង ៥,៥% កាលពីវគ្គមុន។
តម្លៃប្រេង Brent បានហក់ឡើងរហូតដល់ ៥៩% ក្នុងខែនេះ ដែលជាការកើនឡើងប្រចាំខែខ្លាំងបំផុត លើសពីការកើនឡើងដែលធ្លាប់កើតមានក្នុងអំឡុងសង្គ្រាមឈូងសមុទ្រឆ្នាំ ១៩៩០ ទៅទៀត។ ការហក់ឡើងនេះកើតឡើងបន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នចំនួន ១ ភាគ ៥ នៃតម្រូវការពិភពលោក។
សង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានរីករាលដាលពាសពេញមជ្ឈិមបូព៌ា។ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ូធីនៅយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបើកការវាយប្រហារលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីជម្លោះបានផ្ទុះឡើង ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពផ្លូវនាវាចរណ៍ជុំវិញឧបទ្វីបអារ៉ាប់ និងសមុទ្រក្រហម។
អ្នកវិភាគរបស់ក្រុមហ៊ុន JP Morgan ដែលដឹកនាំដោយលោកស្រី Natasha Kaneva បានលើកឡើងថា៖ «ជម្លោះលែងប្រមូលផ្តុំតែនៅតំបន់ឈូងសមុទ្រពែរ្ស និងជុំវិញច្រកសមុទ្រ Hormuz ទៀតហើយ ប៉ុន្តែឥឡូវនេះវាបានរីករាលដាលដល់សមុទ្រក្រហម និងច្រក Bab el-Mandeb ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយសម្រាប់លំហូរប្រេងឆៅ និងផលិតផលប្រេងចម្រាញ់របស់ពិភពលោក»។
យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានឱ្យដឹងថា ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតដែលត្រូវបានបង្វែរទិសដៅពីច្រកសមុទ្រ Hormuz ទៅកាន់កំពង់ផែ Yanbu ក្នុងសមុទ្រក្រហម បានកើនឡើងដល់ ៤,៦៥៨ លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។ អ្នកវិភាគ JP Morgan បន្ថែមថា ប្រសិនបើការនាំចេញពីកំពង់ផែ Yanbu ត្រូវបានរំខាននោះ ប្រេងរបស់អារ៉ាប៊ីសាអូឌីតនឹងត្រូវបង្វែរទៅប្រើប្រាស់បំពង់បង្ហូរប្រេង Suez-Mediterranean (SUMED) របស់អេស៊ីប ដើម្បីឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេជំនួសវិញ។
ការវាយប្រហារនៅក្នុងតំបន់បានកើនឡើងកាន់តែខ្លាំងកាលពីចុងសប្តាហ៍ ដែលបានបង្កការខូចខាតដល់ស្ថានីយប្រេង Salalah របស់ប្រទេសអូម៉ង់ ទោះបីជាមានការខិតខំប្រឹងប្រែងចាប់ផ្តើមការចរចាបទឈប់បាញ់ក៏ដោយ។
ដោយឡែក អ៊ីរ៉ង់បានប្រកាសថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវគោករបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យថា កំពុងរៀបចំការវាយលុកតាមជើងគោក បើទោះបីជាកំពុងស្វែងរកការចរចាក៏ដោយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធបានពិភាក្សាអំពីមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្គ្រាមក្នុងតំបន់ឱ្យបានឆាប់រហ័ស និងជាអចិន្ត្រៃយ៍ ក៏ដូចជាលទ្ធភាពនៃការរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ផងដែរ៕
ប្រភព៖ https://www.reuters.com/business/energy/oil-prices-jump-after-yemeni-houthis-attack-israel-widening-iran-conflict-2026-03-29/
រាយការណ៍ដោយ The Khmer Today

