International
ប៉ាគីស្ថានត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ខណៈអ៊ីរ៉ង់ចោទអាមេរិកថាមានផែនការវាយប្រហារផ្លូវគោក

ប៉ាគីស្ថានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាព ខណៈអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថាមានផែនការវាយប្រហារតាមផ្លូវគោក
ដោយ៖ Asif Shahzad, Alexander Cornwell និង Sabrina Valle
ចេញផ្សាយ៖ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៦
សេចក្តីសង្ខេប៖
(អ៊ីស្លាម៉ាបាដ/តេឡាវិវ - រ៉យទ័រ)៖ ប្រទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងរៀបចំរៀបចំ "កិច្ចចរចាដែលមានអត្ថន័យ" ដើម្បីបញ្ចប់ជម្លោះជុំវិញបញ្ហាអ៊ីរ៉ង់នាពេលឆាប់ៗខាងមុខ បើទោះបីជាទីក្រុងតេអេរ៉ង់ប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនកងទ័ពជើងគោកចូលក៏ដោយ។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសក្នុងតំបន់ លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Ishaq Dar បានមានប្រសាសន៍ថា ពួកគេបានពិភាក្សាអំពីមធ្យោបាយដែលអាចនាំទៅរកការបញ្ចប់សង្គ្រាមក្នុងតំបន់ឱ្យបានឆាប់រហ័ស និងជាអចិន្ត្រៃយ៍ ក៏ដូចជាលទ្ធភាពនៃកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ លោកបានបញ្ជាក់ថា៖ «ប៉ាគីស្ថានមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលកិច្ចចរចាដែលមានអត្ថន័យរវាងភាគីទាំងពីរ ដើម្បីឈានទៅរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងនៃជម្លោះដែលកំពុងបន្តនេះ»។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមចូលរួមដែរឬយ៉ាងណានោះទេ។
មហាអំណាចក្នុងតំបន់ស្នើផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ
ការពិភាក្សាដំបូងរវាង ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត តួកគី និងអេស៊ីប បានផ្តោតសំខាន់លើសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូន។ ការបិទច្រកផ្លូវទឹកដ៏សំខាន់នេះដោយអ៊ីរ៉ង់ តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារលើប្រទេសនេះកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្កឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។
ស្ថានការណ៍សង្គ្រាមកាន់តែតានតឹង
ខណៈដែលសង្គ្រាមបានឈានចូលដល់ខែទីពីរ ស្ថានការណ៍មិនទាន់មានសញ្ញាថមថយឡើយ។ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាង ១៤០ លើកលើតំបន់កណ្តាល និងខាងលិចនៃប្រទេសអ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ ដោយបានវាយប្រហារលើទីតាំងបាញ់បង្ហោះមីស៊ីល និងឃ្លាំងផ្ទុកអាវុធ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហារបានប៉ះចំអាកាសយានដ្ឋាន Mehrabad និងរោងចក្រគីមីឥន្ធនៈមួយកន្លែងនៅទីក្រុង Tabriz។
ដោយឡែក ក្រុមហ៊ូធីនៅយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានចូលរួមក្នុងជម្លោះនេះកាលពីថ្ងៃសៅរ៍ ដោយបានបើកការវាយប្រហារលើអ៊ីស្រាអែល ដែលបង្កឱ្យមានការព្រួយបារម្ភថា ពួកគេអាចនឹងបិទច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់មួយទៀត។
កងម៉ារីនអាមេរិកចាប់ផ្តើមទៅដល់មជ្ឈិមបូព៌ា
ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនកងម៉ារីនរាប់ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា ដោយកងដំបូងបានទៅដល់កាលពីថ្ងៃសុក្រ។ កាសែត Washington Post បានស្រង់សម្តីមន្ត្រីអាមេរិកដែលលើកឡើងថា មន្ទីរបញ្ចកោណកំពុងរៀបចំសម្រាប់ប្រតិបត្តិការជើងគោកក្នុងប្រទេសអ៊ីរ៉ង់ដែលអាចអូសបន្លាយពេលច្រើនសប្តាហ៍ ប៉ុន្តែវានៅមិនទាន់ច្បាស់ថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងអនុម័តផែនការនេះឬយ៉ាងណានោះទេ។
បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងជម្រើសដ៏លំបាករវាងការស្វែងរកច្រកចេញតាមរយៈការចរចា ឬការបង្កើនសង្គ្រាមដែលប្រឈមនឹងវិបត្តិអូសបន្លាយ ដែលនឹងធ្វើឱ្យប្រជាប្រិយភាពរបស់លោកកាន់តែធ្លាក់ចុះ។ កាលពីសប្តាហ៍មុន វ៉ាស៊ីនតោនបានស្នើផែនការបទឈប់បាញ់ ១៥ ចំណុច ប៉ុន្តែត្រូវបានទីក្រុងតេអេរ៉ង់បដិសេធ។
ផលប៉ះពាល់ក្នុងស្រុករបស់សហរដ្ឋអាមេរិក
សង្គ្រាមដែលមិនទទួលបានការគាំទ្រពីសាធារណជននេះ កំពុងដាក់សម្ពាធលើគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ។ កាលពីថ្ងៃសៅរ៍ បាតុករបានចុះតាមដងផ្លូវក្នុងទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក ដើម្បីតវ៉ាប្រឆាំងនឹងជម្លោះនេះ។
ខណៈដែលសមាជិកបក្សសាធារណរដ្ឋមួយចំនួនជឿជាក់ថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត ប៉ុន្តែសមាជិកសភាមកពីបក្សប្រជាធិបតេយ្យបានរិះគន់ថា យុទ្ធសាស្ត្រនេះកំពុងបរាជ័យ ហើយកំពុងរុញច្រានសហរដ្ឋអាមេរិកឱ្យកាន់តែជ្រៅទៅក្នុងជម្លោះដែលគ្មានច្រកចេញ៕
រាយការណ៍ដោយ៖ រ៉យទ័រ
ប្រែសម្រួលដោយ៖ លឹម រតន ពី The Khmer Today
https://www.reuters.com/world/asia-pacific/yemens-houthis-enter-iran-war-with-attacks-israel-while-us-marines-arrive-region-2026-03-28/

