National

September 22, 2026 at 9:55 AM
Melea_Sovannary

មនុស្ស៣នាក់ត្រូវបញ្ជូនទៅតុលាការ ក្រោយរារាំងសមត្ថកិច្ចមិនឱ្យចាប់មេខ្យល់នាំពលករទៅថៃខុសច្បាប់

មនុស្ស៣នាក់ត្រូវបញ្ជូនទៅតុលាការ ក្រោយរារាំងសមត្ថកិច្ចមិនឱ្យចាប់មេខ្យល់នាំពលករទៅថៃខុសច្បាប់

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ មនុស្ស៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រោយពាក់ព័ន្ធនឹងការរារាំងកម្លាំងសមត្ថកិច្ច ខណៈចុះប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនមេខ្យល់ដែលសង្ស័យថា បាននាំពលករឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ មុនឈានដល់ការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានអំពីករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងបានឃាត់ពលករ៣នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ។

ក្រោយមក កម្លាំងជំនាញបានបន្តស្រាវជ្រាវរកមេខ្យល់ឈ្មោះ ស៊ីម វាសនា អាយុ៤២ឆ្នាំ។ ប៉ុន្តែពេលកម្លាំងចុះទៅដល់ទីតាំង ក្រុមគ្រួសារជនសង្ស័យបានរារាំង និងប្រទូសរ៉ាយជាមួយសមត្ថកិច្ច បណ្ដាលឱ្យជនសង្ស័យមានឱកាសរត់គេចខ្លួន ដោយចុះហែលទឹកអូរព្រំដែនកម្ពុជា-ថៃ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ជាបន្តបន្ទាប់ ក្នុងនោះមាន ធុយ សារ័ត្ន អាយុ៦៦ឆ្នាំ, ស៊ីម រស្មី អាយុ២៦ឆ្នាំ, ស៊ីម ដា អាយុ៣៨ឆ្នាំ និង ឌី វណ្ណរ៉ូ អាយុ១៨ឆ្នាំ។

ក្រោយការសួរនាំ សមត្ថកិច្ចបានរកឃើញថា ធុយ សារ័ត្ន មិនពាក់ព័ន្ធនឹងបទល្មើស ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ។ ចំណែក ស៊ីម រស្មី ស៊ីម ដា និង ឌី វណ្ណរ៉ូ ត្រូវបានកសាងសំណុំរឿង ពាក់ព័ន្ធការផ្សំគំនិតនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងប្រឆាំងនឹងអ្នករាជការសាធារណៈ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

https://www.facebook.com/share/p/1EaGeCxeyQ/

រាយការណ៍ដោយ : The Khmer Today