National
សហភាពអឺរ៉ុបផ្ដល់ជំនួយជិត ១.៨លានដុល្លារ ដល់កម្ពុជា បោសសម្អាតមីនជាង ៦.០០០ហិកតា នៅព្រះវិហារ និងឧត្តរមានជ័យ

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ សហភាពអឺរ៉ុប (EU) បានអនុម័តផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១.៥៩៨.៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សហការជាមួយអង្គការ APOPO នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ គម្រោងនេះមានរយៈពេល១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦។
ជាក់ស្ដែង នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប លោក ហេង រតនា អគ្គនាយក CMAC បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំតំបន់ ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារ FPI និងក្រុមការងារ។ ក្នុងជំនួបនេះ លោក ហេង រតនា បានជម្រាបអំពីផលប៉ះពាល់ដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ជាពិសេសចំពោះសុវត្ថិភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម និងបេតិកភណ្ឌវប្បធម៌។
តាមការបញ្ជាក់របស់លោក Andreas Roettger ជំនួយរបស់ EU នឹងគាំទ្រសកម្មភាពរបស់ CMAC និង APOPO ក្នុងការបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលរំពឹងថានឹងអាចគ្របដណ្ដប់ផ្ទៃដីជាង ៦.០០០ហិកតា។ ក្រៅពីការបោសសម្អាតមីន គម្រោងនេះក៏នឹងរួមចំណែកដល់ការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារមីន និងការស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធនឹងផ្ទៃដីរងផលប៉ះពាល់ផងដែរ។
ក្នុងឱកាសនោះ គណៈប្រតិភូ EU បានទស្សនាសារមន្ទីរតេជោសន្តិភាព ដើម្បីស្វែងយល់ពីប្រវត្តិនៃវិនាសកម្មដែលបង្កឡើងដោយសង្គ្រាម និងតម្លៃនៃសន្តិភាព។ លោក ហេង រតនា បានថ្លែងអំណរគុណចំពោះ EU ចំពោះការគាំទ្រ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយ APOPO និងសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការគំរាមកំហែងពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងរួមចំណែកបង្កើតសុវត្ថិភាព និងអនាគតប្រកបដោយសន្តិភាពសម្រាប់ប្រជាជនកម្ពុជា៕
ប្រភព៖ CMAC
https://www.facebook.com/share/p/1F1vtvZ1Nz/
រាយការណ៍ដោយ៖ The Khmer Today


