National
ទុនជិត៩០លានដុល្លារ ត្រៀមចូលកម្ពុជាតាមគម្រោងវិនិយោគថ្មី៦ បង្កើតការងារជាង១ពាន់កន្លែងជូនប្រជាពលរដ្ឋ

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ — គម្រោងវិនិយោគថ្មីចំនួន៦ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៩លានដុល្លារអាម៉េរិក ត្រូវបានដាក់សំណើសុំចុះបញ្ជីនៅកម្ពុជា ហើយត្រូវបានពិនិត្យពិភាក្សាក្នុង «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៩ ក្នុងឆ្នាំ២០២៦ របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំងនេះអាចបង្កើតឱកាសការងារបានប្រមាណ ជាង១ពាន់កន្លែង។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ ក្នុងចំណោមគម្រោងទាំង៦ មាន ២គម្រោងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ ព្រមទាំងរោងចក្រកែច្នៃ ខណៈ ១គម្រោងក្នុងវិស័យឧស្សាហកម្ម ផ្តោតលើការបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។
ចំណែក ១គម្រោងទៀតក្នុងវិស័យទេសចរណ៍ គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ និងសិប្បកម្មផលិតវត្ថុសិល្បៈ។ រីឯ ២គម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអានុភាព ១០០មេហ្គាវ៉ាត់ និង២៧មេហ្គាវ៉ាត់ រៀងគ្នា។
ជាមួយគ្នានេះ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥.៤៥៨ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០ម៉ឺនកន្លែង។ ការជំរុញការវិនិយោគនេះ ស្ថិតក្នុងបរិបទដែលកម្ពុជាបន្តកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ ការទាក់ទាញវិនិយោគិនពីក្រៅប្រទេស និងការសម្រួលនីតិវិធីពាក់ព័ន្ធ៕
ប្រភព៖ គណៈកម្មាធិការវិនិយោគកម្ពុជា
https://www.facebook.com/share/p/1FVjRKL3h6/
រាយការណ៍ដោយ៖ The Khmer Today


