National

September 25, 2026 at 9:33 AM
Melea_Sovannary

ថៃចង់បានអ្វីពីការចរចាជាមួយកម្ពុជា? អនុទីនបញ្ជាក់ថា ទាល់តែលក្ខខណ្ឌចរចាត្រូវកំណត់ដោយថៃ ទើបយល់ព្រម

ថៃចង់បានអ្វីពីការចរចាជាមួយកម្ពុជា? អនុទីនបញ្ជាក់ថា ទាល់តែលក្ខខណ្ឌចរចាត្រូវកំណត់ដោយថៃ ទើបយល់ព្រម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានបញ្ជាក់ថា ថៃនឹងចូលចរចាជាមួយកម្ពុជានៅពេលដែលភាគីថៃត្រៀមខ្លួនរួចរាល់ ហើយលក្ខខណ្ឌផ្សេងៗសម្រាប់ការចរចា ត្រូវកំណត់ដោយប្រទេសថៃ។ ការលើកឡើងនេះធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខណៈលោកកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១។

លោក អនុទីន បានបញ្ជាក់ប្រាប់ពលរដ្ឋថៃនៅញូយ៉កថា បច្ចុប្បន្នស្ថានការណ៍តាមព្រំដែនថៃ-កម្ពុជាមានភាពស្ងប់ស្ងាត់ ហើយលោកស្នើឱ្យប្រជាពលរដ្ឋថៃដែលមានសាច់ញាតិនៅតំបន់ព្រំដែនកុំមានការព្រួយបារម្ភ។ ថៃបានការពារអធិបតេយ្យភាពរបស់ខ្លួនបានយ៉ាងល្អ និងប្ដេជ្ញាការពារទឹកដីមិនឱ្យបាត់បង់ឡើយ។ លោកបន្តថា នៅពេលណាដែលថៃត្រៀមខ្លួនរួចរាល់ ហើយលក្ខខណ្ឌទាំងឡាយត្រូវកំណត់ដោយថៃ ទើបលោកព្រមចរចា។

តើថៃចង់បានអ្វីពីការចរចានេះ?

តាមរយៈការអះអាងខាងលើរបស់ភាគីថៃ កម្ពុជាក៏មានសំណួរសំខាន់មួយចោទសួរថា តើអ្នកណាជាអ្នករងផលប៉ះពាល់ពិតប្រាកដពីស្ថានការណ៍ព្រំដែននេះ ខណៈប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ព្រំដែនមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនបាន។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា មានប្រជាពលរដ្ឋចំនួន ១៣,២៥៩នាក់ ក្នុង ៣,៣១៨គ្រួសារ នៅតែស្ថិតក្នុងស្ថានភាពមិនអាចវិលត្រឡប់ទៅផ្ទះ ដោយអាជ្ញាធរកម្ពុជាអះអាងថា ផ្ទះសម្បែងរបស់ពួកគេរងការខូចខាតពីការវាយប្រហារ និងសកម្មភាពកាន់កាប់ដោយកងកម្លាំងថៃ។

កម្ពុជាក៏បានលើកឡើងជាបន្តបន្ទាប់អំពីសកម្មភាពដែលខ្លួនចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយរាយការណ៍ពីការដាក់កុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងសាងសង់ផ្លូវបេតុងនៅតំបន់ជាប់ព្រំដែន។ ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT-KH បានចុះសង្កេតការណ៍នៅតំបន់ប្រាសាទព្រះវិហារ ហើយកម្ពុជាអះអាងថា សកម្មភាពទាំងនេះបានកើតឡើងបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ចំណែករាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវឱ្យមានការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងតាមយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសតាមរយៈ គណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC) ដើម្បីធ្វើការស្ទង់វាស់ និងបោះបង្គោលព្រំដែន។

កម្ពុជាក៏បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ការផ្លាស់ប្តូរខ្សែព្រំដែនដែលកើតចេញពីការប្រើកម្លាំង ហើយបានស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពាន និងបន្តដំណើរការដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ថៃចង់បានអ្វីពីការចរចាជាមួយកម្ពុជា? អនុទីនបញ្ជាក់ថា ទាល់តែលក្ខខណ្ឌចរចាត្រូវកំណត់ដោយថៃ ទើបយល់ព្រម

ដូច្នេះ ខណៈលោក អនុទីន បញ្ជាក់ថា ថៃជាអ្នកកំណត់លក្ខខណ្ឌ និងពេលវេលាចរចា ជំហរកម្ពុជាវិញ គឺជំរុញឱ្យមានការដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់ និងតាមច្បាប់អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងស្តារជីវភាពរស់នៅឡើងវិញ។

ប្រភព៖ សារព័ត៌មានថៃ Matichon

https://www.matichon.co.th/politics/news_5903610

ក្រសួងការពារជាតិកម្ពុជា

https://web.facebook.com/share/p/1Eoo9pgs7p/

ក្រសួងការបរទេស និងសហប្រតិបត្តិការ

https://web.facebook.com/share/p/1CCMjXcZQP/

រាយការណ៍ដោយ៖ The Khmer Today

photo_4_2026-09-25_09-31-50
photo_4_2026-09-25_09-31-50
photo_2_2026-09-25_09-31-50
photo_2_2026-09-25_09-31-50
photo_3_2026-09-25_09-31-50
photo_3_2026-09-25_09-31-50