International
ទឹកជំនន់លិចខ្លាំង អនុទីនចុះចែកអំណោយ ស្រាប់តែបុរសម្នាក់ស្រែកសួរទាំងមិនពេញចិត្តថា «មកធ្វើអី?»

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល (Anutin Charnvirakul) និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់ខ្លងចាន់ ខណ្ឌបាងកាពី រាជធានីបាងកក និងបានធ្វើដំណើរតាមទូកទៅកាន់អគារលំនៅឋានខ្លងចាន់ ដើម្បីចែកថង់សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់។ តាមសារព័ត៌មានថៃ Matichon និង Khaosod English ទឹកជុំវិញអគារមានកម្ពស់ប្រមាណ ១,៥០ម៉ែត្រ។
លោក អនុទីន បានជួបសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋដែលនៅបន្តស្នាក់នៅក្នុងអគារ ខណៈប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរបញ្ជូនម៉ាស៊ីនបូមទឹកចំនួន២គ្រឿងជាបន្ទាន់ ដើម្បីបូមទឹកចេញពីបន្ទប់ម៉ាស៊ីនបូមទឹករបស់អគារ។ ពួកគេបានលើកឡើងថា ទឹកជំនន់បានធ្វើឱ្យប្រជាពលរដ្ឋក្នុងអគារមិនអាចប្រើប្រាស់ទឹកស្អាតសម្រាប់ជីវភាពប្រចាំថ្ងៃបាន។ ហើយលោក ក៏បានសួរលម្អិតអំពីប្រភេទ និងលក្ខណៈម៉ាស៊ីនបូមទឹកគេដែលត្រូវការ។
យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលទូករបស់លោក អនុទីន ចូលទៅដល់ខាងក្នុងអគារ មានបុរសម្នាក់បានស្រែកសួរទៅកាន់លោកនាយករដ្ឋមន្ត្រីទាំងបង្ហាញទឹកមុខមិនពេញចិត្តថា «មកធ្វើអី?»។ ជំនួយការដែលនៅក្បែរនោះបានឆ្លើយតបថា «យកទឹកមកឱ្យ» ខណៈមន្ត្រីបានឈររារាំងរវាងបុរសនោះ និងលោកនាយករដ្ឋមន្ត្រីមិនឱ្យចូលជិតគ្នា។ នៅពេលលោក អនុទីន ចាកចេញពីអគារ ប្រជាពលរដ្ឋមួយចំនួនក៏បានឈរនៅតាមយ៉រ និងស្រែកហៅលោកជាបន្តបន្ទាប់ ហើយខ្លះក៏បានប្រើពាក្យមិនសមរម្យផងដែរ។
ការចុះពិនិត្យនេះធ្វើឡើង ខណៈរាជធានីបាងកកកំពុងប្រឈមនឹងផលប៉ះពាល់ពីទឹកជំនន់ ហើយអាជ្ញាធរបានកំណត់ ខណ្ឌទាំង៥០ របស់បាងកកជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ ដើម្បីពន្លឿនការឆ្លើយតប និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ទោះជាយ៉ាងណា ការកំណត់នេះមិនមានន័យថាខណ្ឌទាំង៥០លិចទឹកទាំងស្រុងនោះទេ ដោយកម្រិតទឹក និងផលប៉ះពាល់មានភាពខុសគ្នាតាមតំបន់។ កងកម្លាំងយោធា នគរបាល និងមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រើទូកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះផងដែរ។
ប្រភព៖ សារព័ត៌មាន Khaosod English
Matichon
https://www.matichon.co.th/politics/news_5908031
Thai Reporters
https://www.facebook.com/share/v/1CACtUf6JC/
រាយការណ៍ដោយ៖ The Khmer Today


