International
ជើងហោះហើរ និងអីវ៉ាន់នៅព្រលានយន្តហោះសុវណ្ណភូមិថៃជួបបញ្ហាកកស្ទះ ក្រោយទឹកជន់លិចផ្លូវក្នុងក្រុងបាងកក

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ ជើងហោះហើរមួយចំនួន និងការដឹកជញ្ជូនអីវ៉ាន់របស់អ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ប្រទេសថៃ បានជួបការយឺតយ៉ាវ ខណៈទឹកជំនន់បានជន់លិចផ្លូវ និងតំបន់ជាច្រើនក្នុងក្រុងបាងកក រំខានដល់ការធ្វើដំណើររបស់បុគ្គលិកទៅកាន់កន្លែងធ្វើការ។
តាមការបញ្ជាក់របស់អាជ្ញាធរព្រលានយន្តហោះ បុគ្គលិកផ្នែកប្រតិបត្តិការលើដីមួយចំនួនមិនអាចមកបំពេញការងារបាន ដោយសារផ្លូវធ្វើដំណើររងផលប៉ះពាល់ពីទឹកជំនន់ បណ្ដាលឱ្យព្រលានយន្តហោះប្រឈមនឹងការខ្វះបុគ្គលិក។ ជាមួយគ្នានេះ រទេះសម្រាប់ដឹកជញ្ជូនអីវ៉ាន់មួយចំនួនក៏មានបញ្ហាខូចខាត ដែលធ្វើឱ្យការដឹកជញ្ជូន និងបញ្ចេញអីវ៉ាន់មានភាពយឺតយ៉ាវ។
ដោយសារបញ្ហាទាំងនេះ ជើងហោះហើរចេញមួយចំនួនត្រូវបានពន្យារពេល ខណៈអ្នកដំណើរដែលមកដល់ព្រលានយន្តហោះត្រូវរង់ចាំអីវ៉ាន់យូរជាងធម្មតា ហើយអីវ៉ាន់ពីជើងហោះហើរមួយចំនួនបានកកស្ទះនៅតំបន់ប្រតិបត្តិការ។ សារព័ត៌មាន Bangkok Post បានរាយការណ៍ថា អ្នកដំណើរខ្លះត្រូវរង់ចាំអីវ៉ាន់ប្រមាណ៥ ទៅ៦ម៉ោង។
ស្ថានភាពនេះបានកើតឡើងចាប់ពីថ្ងៃទី២៦ ខែកញ្ញា និងបន្តដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ខណៈទឹកជំនន់នៅតំបន់ជាច្រើនក្នុងក្រុងបាងកក នៅតែបន្តរំខានដល់ការធ្វើដំណើរ និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក ដែលជះឥទ្ធិពលដល់ការធ្វើដំណើររបស់បុគ្គលិក និងប្រតិបត្តិការនៅព្រលានយន្តហោះសុវណ្ណភូមិ។
ប្រភព៖ Pattayanews
Khoasodenglish
រាយការណ៍ដោយ៖ The Khmer Today


