National
ដល់វេលាយុវជនខ្មែរហើយ! ពលរដ្ឋអាយុ១៨-២៥ឆ្នាំ អាចដាក់ពាក្យបំពេញកាតព្វកិច្ចយោធាបាន ក្រសួងចាប់ផ្តើមចែកពាក្យថ្ងៃទី១ ខែតុលា

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ ពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ អាចទៅទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាបាន ដោយគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែកពាក្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការទទួល និងដាក់ពាក្យ នឹងធ្វើឡើងពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ។ ម៉ោងធ្វើការនៅពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២:០០នាទី ដល់ម៉ោង៥:០០នាទី។
តាមសេចក្តីជូនដំណឹង ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌ ត្រូវយកឯកសារដើម ឬថតចម្លងតាមការកំណត់ មកបង្ហាញដល់មន្ត្រីជំនាញ រួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានលក្ខខណ្ឌ អញ្ជើញទៅទទួល និងដាក់ពាក្យឱ្យបានទាន់ពេលវេលាតាមកាលកំណត់។
ក្នុងសារពិសេសស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានជម្រាបថា កម្ពុជានឹងចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយមានគោលបំណងកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ។ ចំពោះយុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ និងត្រូវតាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារ និងជំហាននៃការដាក់ពាក្យ។
ឯកឧត្តម ទៀ សីហា បានលើកឡើងថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយការអនុវត្តកាតព្វកិច្ចយោធា នឹងផ្តល់ឱកាសឱ្យយុវជនទទួលបានការហ្វឹកហ្វឺន ចំណេះដឹង ជំនាញ វិន័យ និងបទពិសោធន៍។ ឯកឧត្តមក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់យុវជន ព្រមទាំងបញ្ជាក់ថា ដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ ប្រកបដោយតម្លាភាព និងស្មើភាព។
ប្រភព៖ ក្រសួងការពារជាតិ
https://www.facebook.com/share/p/1DYfcaTb6Z/
https://www.facebook.com/share/p/1bmG1zzFso/
រាយការណ៍ដោយ៖ The Khmer Today


