Real Estate

September 28, 2026 at 11:54 AM
Melea_Sovannary

បុរី ឆាយលី បើកការដ្ឋានបុកគ្រឹះសាងសង់ «គម្រោងទី៣» ផ្លូវការនៅតំបន់សក្តានុពលភាគខាងត្បូងភ្នំពេញ ជាមួយការផ្តល់ជូនប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់

បុរី ឆាយលី បើកការដ្ឋានបុកគ្រឹះសាងសង់ «គម្រោងទី៣» ផ្លូវការនៅតំបន់សក្តានុពលភាគខាងត្បូងភ្នំពេញ ជាមួយការផ្តល់ជូនប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់

ភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុន បុរី ឆាយលី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ គម្រោងទី៣ ជាផ្លូវការ ដែលស្ថិតនៅទីតាំងដ៏មានសក្តានុពលសេដ្ឋកិច្ចជិតផ្សារព្រែកជ្រៃ (រង្វង់មូលកួរស្រូវ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លីម ម៉េង លី អគ្គនាយក បុរី ឆាយលី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូអាជីវកម្មប្រមាណជាង ៤០០នាក់។

លោក លីម ម៉េង លី អគ្គនាយក បុរី ឆាយលី បានមានប្រសាសន៍ បុរី ឆាយលី គម្រោងទី៣ ត្រូវបានជ្រើសរើសសាងសង់ឡើងនៅលើទឹកដីភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់ទីប្រជុំជនកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស័ក្តិសមបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងការប្រកបអាជីវកម្មផ្សេងៗ។

ឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អតិថិជន គម្រោងទី៣ នេះបានដាក់ចេញនូវប្រភេទផ្ទះប្រណិតចំនួន ៥ ប្រភេទរួមមាន៖ ផ្ទះអាជីវកម្ម (Shop House) រចនាឡើងសម្រាប់បង្កើនឱកាសប្រកបអាជីវកម្ម និងពាណិជ្ជកម្ម, វីឡា ឃ្វីន A (Queen Villa A) លំដាប់ថ្នាក់ខ្ពស់ បំពាក់ដោយទំហំ និងរចនាបថទំនើប, វីឡា ឃ្វីន (Villa Queen) ផ្តល់ជូននូវលំហរស់នៅទូលំទូលាយ និងភាពទាន់សម័យ, វីឡា ព្រីន (Villa Prince) បង្កើនភាពថ្លៃថ្នូរ និងភាពទាក់ទាញសម្រាប់គ្រួសារ និង វីឡាកូនកាត់ (Link Villa) ជម្រើសដ៏ស័ក្តិសម និងមានប្រជាប្រិយភាពខ្លាំងសម្រាប់គ្រួសារសម័យថ្មី។

ក្នុងពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ គម្រោងទី៣នេះ លោក លីម ម៉េង លី អគ្គនាយក បុរី ឆាយលី ឱ្យដឹងបន្តថា ភាពជោគជ័យ និងការរីកចម្រើនជាបន្តបន្ទាប់របស់បុរី រហូតឈានដល់ការបើកគម្រោងទី៣ នាពេលនេះ គឺដោយសារក្រុមហ៊ុនប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍សំខាន់ៗទាំង ៥ គឺ ការប្រគល់ប្លង់រឹងជូនអតិថិជន ១០០% ធានាសុវត្ថិភាពផ្លូវច្បាប់ជូនម្ចាស់ផ្ទះ, ល្បឿននៃការសាងសង់លឿនជាងការកំណត់, ទីតាំងមានសក្តានុពលខ្ពស់ ស្ថិតក្នុងតំបន់ទីប្រជុំជនប្រកបដោយឱកាសសេដ្ឋកិច្ច, ការរចនាម៉ូដផ្ទះទំនើបស៊ីវិល័យ និងសំណង់រឹងមាំ និង តម្លៃទាបជាងគេ បើប្រៀបធៀបនឹងទីផ្សារក្នុងតំបន់ជុំវិញ។

ដោយមើលឃើញពីសក្តានុពលមិនចេះរីងស្ងួត និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន លោកអគ្គនាយកក៏បានបង្ហើបបន្ថែមថា បុរី ឆាយលី មានផែនការផ្លូវការក្នុងការបើកដំណើរការ «គម្រោងទី៤» និង «គម្រោងទី៥» ជាបន្តបន្ទាប់ទៀតនាពេលខាងមុខដ៏ខ្លីនេះ។

សម្រាប់ឱកាសបើកលក់ប្លុកថ្មីក្នុងគម្រោងទី៣នេះ បុរី ឆាយលី បានដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃយ៉ាងពិសេស និងការថែមជូនកាដូយ៉ាងសន្ធឹកសន្ធាប់ សម្រាប់អតិថិជនដែលអញ្ជើញមកទិញ ឬកក់ប្រាក់ក្នុងអំឡុងពេលនេះ។ សម្រាប់ព័ត៌មានលម្អិតអំពី បុរី ឆាយលី គម្រោងទី៣ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ 087 | 068 | 099 66 88 77 ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Today

រូបភាពពី KTN
រូបភាពពី KTN
រូបភាពពី KTN
រូបភាពពី KTN
រូបភាពពី KTN
រូបភាពពី KTN