National
ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បង្កផលប៉ះពាល់ជាង២ម៉ឺនគ្រួសារ និងដំណាំរាប់ម៉ឺនហិកតារងការខូចខាត

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ ជំនន់ទឹកភ្លៀង និងការហក់ឡើងនៃទឹកស្ទឹងសង្កែ បានបង្កផលប៉ះពាល់ដល់លំនៅឋាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តបាត់ដំបង ខណៈគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ នៅក្នុងក្រុង ស្រុក និងឃុំ សង្កាត់ជាច្រើន។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ក្រុង ស្រុកចំនួន១៤ ឃុំ សង្កាត់ចំនួន៧១ ផ្ទះប្រជាពលរដ្ឋចំនួន១៩,២៩១ខ្នង និង២១,៨០៧គ្រួសារ។ ក្នុងចំណោមនោះ គ្រួសារចំនួន៨៥៦ ស្មើនឹងមនុស្ស២,៧៦៧នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួល ឬតំបន់មានសុវត្ថិភាព ខណៈហេដ្ឋារចនាសម្ព័ន្ធចំនួន៧៨០ទីតាំង និងស្រូវប្រមាណ៣៥,៦១២ហិកតា បានរងផលប៉ះពាល់។
ជាមួយគ្នានេះ នៅស្រុកឯកភ្នំ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពជំនន់ ព្រមទាំងសាងសង់ស្ពានឈើបណ្តោះអាសន្ននៅភូមិរាយដូនកែវ ឃុំព្រែកនរិន្ទ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព។ នៅតំបន់មួយចំនួននៃក្រុងបាត់ដំបង ទឹកជំនន់ក៏បានជន់លិចជុំវិញផ្សារបឹងឈូកដល់កម្ពស់ជង្គង់ បណ្តាលឱ្យអាជីវករមួយចំនួនផ្លាស់ទីកន្លែងលក់ដូរបណ្តោះអាសន្នទៅតាមផ្លូវបេតុងក្បែរនោះ ខណៈការទិញលក់នៅតែបន្ត។
ដោយឡែក នៅស្រុកសំឡូត ទឹកជំនន់បានបង្កការខូចខាតចិញ្ចើមផ្លូវជាតិលេខ៥៧-៧ ប្រវែងប្រមាណ១៥ម៉ែត្រ នៅភូមិព្រៃរមាស ឃុំតាសាញ់។ ដើម្បីបង្ការគ្រោះថ្នាក់ និងការខូចខាតបន្ថែម អាជ្ញាធរបានផ្អាកជាបណ្តោះអាសន្នចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តធំៗនៅចំណុចខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី។ ទន្ទឹមនឹងនេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា បានឱ្យដឹងថា ទឹកនៅផ្នែកខាងលើបានចាប់ផ្តើមស្រក ហើយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ទឹកស្ទឹងសង្កែអាចនឹងស្រកចុះវិញក្នុងរយៈពេលប្រមាណ២ថ្ងៃខាងមុខ។ អាជ្ញាធរបន្តតាមដានស្ថានភាពទឹក និងប្រមូលទិន្នន័យជាប្រចាំ ដើម្បីចាត់វិធានការឆ្លើយតប និងស្តារឡើងវិញឱ្យបានទាន់ពេលវេលា។
ប្រភព៖ វិទ្យុជាតិចំការចេក ខេត្តបាត់ដំបង
https://www.facebook.com/share/v/1Q9LCuNezj/
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
https://www.facebook.com/share/p/1BoRtW5CPC/
រដ្ឋបាលខេត្តបាត់ដំបង
https://www.facebook.com/share/p/1Ev1313qVG/
រាយការណ៍ដោយ៖ The Khmer Today


