International
ទឹកជំនន់នៅថៃផ្ដាច់អាយុជីវិតមនុស្ស១៩នាក់ និងមន្ទីរពេទ្យ៤៩កន្លែងរងផលប៉ះពាល់

ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួន២៣ទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៩នាក់ និងធ្វើឱ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៤៩កន្លែងរងផលប៉ះពាល់។ ក្នុងចំណោមនោះ មាន២៤កន្លែងនៅបន្តផ្តល់សេវាជាធម្មតា ៣កន្លែងបើកសេវាបានខ្លះៗ និង២២កន្លែងត្រូវផ្អាកសេវាជាបណ្តោះអាសន្ន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ផាត់តាណា ព្រុំផាត់ (Phattana Promphat) បានឱ្យដឹងថា ក្រសួងបានបញ្ជូនក្រុមវេជ្ជសាស្ត្រ និងសុខាភិបាលទៅកាន់តំបន់រងគ្រោះ ដើម្បីផ្តល់សេវាសង្គ្រោះបន្ទាន់ និងថែទាំប្រជាពលរដ្ឋ។ តំបន់ដែលកំពុងស្ថិតក្នុងស្ថានភាពបន្ទាន់ រួមមានក្រុងបាងកក និងខេត្តជុំវិញរាជធានី។
ដោយឡែក មន្ទីរពេទ្យមួយចំនួនកំពុងប្រឈមនឹងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅខេត្តរ៉ាក់យ៉ុង។ មន្ទីរពេទ្យបានខាយ ត្រូវបានកំណត់ថាអាចផ្តល់សេវាបានតែអ្នកជំងឺបន្ទាន់ ខណៈមានផែនការផ្លាស់ទីអ្នកជំងឺ៣០នាក់ទៅកាន់មន្ទីរពេទ្យឆាលើមព្រះកៀត។ ចំណែកមន្ទីរពេទ្យក្លែង កំពុងរៀបចំផ្លាស់ទីអ្នកជំងឺធ្ងន់ធ្ងរ៨ទៅ១០នាក់ទៅមន្ទីរពេទ្យរ៉ាក់យ៉ុង និងអ្នកជំងឺ១០២នាក់ទៀតទៅមន្ទីរពេទ្យឆាលើមព្រះកៀត។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា អ្នកស្លាប់ទាំង១៩នាក់ ភាគច្រើនបណ្តាលមកពីការលង់ទឹក និងការឆក់ចរន្តអគ្គិសនី។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់រងគ្រោះបង្កើនការប្រុងប្រយ័ត្ន ជាពិសេសចំពោះចរន្តទឹក និងហានិភ័យពីអគ្គិសនី ហើយប្រសិនបើទឹកជំនន់ហូរចូលក្នុងផ្ទះ ត្រូវផ្តាច់ចរន្តអគ្គិសនី និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍អគ្គិសនីជាបន្ទាន់។
ប្រភព៖ Workpoint TV 23
រាយការណ៍ដោយ៖ The Khmer Today


