International

April 1, 2026 at 11:55 AM
Rotanak Vibot

ក្រុមហ៊ុន Microsoft គ្រោងវិនិយោគជាង ១ ពាន់លានដុល្លារលើប្រព័ន្ធ Cloud និង AI ក្នុងប្រទេសថៃ

ក្រុមហ៊ុន Microsoft គ្រោងវិនិយោគជាង ១ ពាន់លានដុល្លារលើប្រព័ន្ធ Cloud និង AI ក្នុងប្រទេសថៃ

ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃអង្គារ (ទី៣១ ខែមីនា) ថា ខ្លួនមានផែនការវិនិយោគទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ទៅលើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ Cloud និង AI ក៏ដូចជាប្រតិបត្តិការនានានៅក្នុងប្រទេសថៃ ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ខណៈដែលតម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) កំពុងមានសន្ទុះខ្លាំង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានាកំពុងប្រជែងគ្នាវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារមានការទាក់ទាញពីកំណើនអ្នកប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន។

មជ្ឈមណ្ឌលទិន្នន័យថ្មីៗ ដែលជាទីកន្លែងផ្ទុកឯកសារអនឡាញ និងជាកម្លាំងចលករសម្រាប់ឧបករណ៍ AI ចាប់ពីកម្មវិធីសន្ទនា (chatbots) រហូតដល់កម្មវិធីបង្កើតរូបភាព កំពុងរីកដុះដាលទូទាំងពិភពលោក ហើយវិស័យនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅតំបន់អាស៊ី។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយប្រធានក្រុមហ៊ុន Microsoft លោក Brad Smith ថា៖ «មហិច្ឆតារបស់យើង គឺចង់ឱ្យប្រទេសថៃរីកចម្រើនក្នុងនាមជាកម្លាំងរុញច្រានក្នុងតំបន់ សម្រាប់សេដ្ឋកិច្ចឌីជីថល និង AI របស់អាស៊ី»។

លោកបានចាត់ទុកការប្រកាសរបស់ក្រុមហ៊ុន Microsoft នេះថាជា «ការបង្ហាញយ៉ាងច្បាស់នូវទំនុកចិត្តលើអនាគតរបស់ប្រទេសថៃ»។

គួររំលឹកផងដែរថា ក្រុមហ៊ុន Google ក៏បានបើកដំណើរការ «តំបន់ Cloud» ថ្មីមួយនៅទីក្រុងបាងកក កាលពីខែមករាកន្លងទៅ ដោយបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននឹងរួមចំណែកដល់តម្លៃសេដ្ឋកិច្ចជាង ៤០ ពាន់លានដុល្លារ សម្រាប់ប្រទេសថៃ ក្នុងរយៈពេល ៥ ឆ្នាំ។

ប្រទេសសិង្ហបុរី ដែលជាប្រទេសមានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ ធ្លាប់ជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះបានផ្អាកការអភិវឌ្ឍថ្មីៗចន្លោះឆ្នាំ ២០១៩ ដល់ ២០២២ ដោយសារការបារម្ភអំពីបញ្ហាថាមពល ទឹក និងការប្រើប្រាស់ដីធ្លី។

កត្តានេះ រួមផ្សំនឹងការកើនឡើងនៃចំណាប់អារម្មណ៍លើ AI បន្ទាប់ពីការបង្ហាញខ្លួនរបស់ ChatGPT បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្នកំពុងរីកសាយភាយកាន់តែច្រើននៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។

សារព័ត៌មាន The Khmer Today ក៏បានទាក់ទងទៅលោក ឡាំ ឡាយ ដែលជាអ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាអ្នកនិពន្ធ ដើម្បីសួរអំពីចំណាប់អារម្មណ៍របស់លោកលើបញ្ហានេះ។ លោក ឡាំ ឡាយ បានបញ្ចេញមតិថា៖ «ប្រាកដណាស់ មហិច្ឆតា និងគោលនយោបាយរបស់ប្រទេសមួយ ដែលអាចទាក់ទាញអ្នកវិនិយោគបាន គឺជាភាពខ្លាំងរបស់គេ ហើយយើងត្រូវពង្រឹងខ្លួនឯង ដើម្បីឱ្យកាន់តែខ្លាំងសម្រាប់ជាតិយើង»។

លោកបានបន្ថែមថា៖ «ក្នុងតំបន់ ថៃតែងតែទាញកម្ពុជាជាកន្លែងឆបោកអនឡាញ រហូតដល់ថ្នាក់ប្រើកម្លាំងយោធាបំពានលើទឹកដីកម្ពុជា ហើយចុងក្រោយ គេចំណេញ។ ដូច្នេះ យើងត្រូវចងចាំ»។

ការចងចាំតែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែយើងត្រូវមានមនសិការ និងខិតខំអភិវឌ្ឍខ្លួនឯងឱ្យកាន់តែខ្លាំងជាងមុន។

ពីសារព័ត៌មាន The Khmer Today

End image 1