National
សំបកកង់រថយន្តកម្ពុជា ក្លាយជាផលិតផលនាំចេញមានកំណើនខ្ពស់ បង្កើតចំណូលប្រមាណ២ពាន់លានដុល្លារ ក្នុង១ឆ្នាំ

ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ ផលិតផលសំបកកង់រថយន្តផលិតនៅកម្ពុជា កំពុងក្លាយជាផលិតផលនាំចេញដែលមានកំណើនខ្ពស់ ដោយមានកំណើនជាមធ្យម១០៤,០៥ភាគរយក្នុងមួយឆ្នាំ និងបង្កើតចំណូលពីការនាំចេញកើនពី២៥៨លានដុល្លារ ដល់ជាង២,០០៨លានដុល្លារ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
បច្ចុប្បន្ន រោងចក្រធំៗនៅកម្ពុជាបានផលិតសំបកកង់រថយន្តសម្រាប់ម៉ាកដូចជា Sailun Tire, Crossleader និង Wanli ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។ ក្រៅពីសំបកកង់រថយន្ត ផលិតផលប្រដាប់ក្មេងលេង ល្បែងកម្សាន្ត និងសម្ភារកីឡា ក៏មានកំណើនខ្ពស់ក្នុងចំណោមផលិតផលនាំចេញកំពូលទាំង២០ ដោយកើនជាមធ្យម៩៣,៨៥ភាគរយក្នុងមួយឆ្នាំ និងចំណូលកើនពី១៤០លានដុល្លារ ដល់ជាង១,០០៤លានដុល្លារ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ផលិតផលនាំចេញកំពូលទាំង២០របស់កម្ពុជា រួមមាន គ្រឿងបន្លាស់រថយន្ត ក្តារកុងប្លាកេ ស្បែកសត្វ គ្រឿងសង្ហារឹម ស្រូវ អង្ករ ជ័រកៅស៊ូ ដំឡូងមី ទោចក្រយាន ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិក ស្វាយចន្ទី សម្ភារធ្វើដំណើរ និងកាបូប ស្បែកជើង និងសម្លៀកបំពាក់។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងចិន គឺជាទីផ្សារសំខាន់សម្រាប់ទំនិញនាំចេញរបស់កម្ពុជា ខណៈវៀតណាម ជប៉ុន បណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ក៏ជាដៃគូពាណិជ្ជកម្មសំខាន់ៗសម្រាប់ស្រូបយកផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មរបស់កម្ពុជាផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/203265
រាយការណ៍ដោយ៖ The Khmer Today


