International

April 1, 2026 at 1:31 PM
Melea_Sovannary

បងធំ ត្រាំ ថ្លែងថា សហរដ្ឋអាមេរិកអាចបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍

បងធំ ត្រាំ ថ្លែងថា សហរដ្ឋអាមេរិកអាចបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍

បងធំ ត្រាំ ថ្លែងថា សហរដ្ឋអាមេរិកអាចបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

វ៉ាស៊ីនតោន – ថ្ងៃទី១ ខែមេសា (រ៉យទ័រ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចបញ្ចប់ការវាយប្រហារយោធាលើអ៊ីរ៉ង់ ក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ហើយទីក្រុងតេអេរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាលក្ខខណ្ឌមុន សម្រាប់ការបញ្ចប់ជម្លោះនោះទេ។

សម្តីនេះបង្ហាញពីការផ្លាស់ប្តូរ និងជួនកាលមានភាពផ្ទុយគ្នា នៃសេចក្តីថ្លែងការណ៍ពីទីក្រុងវ៉ាស៊ីនតោន អំពីរបៀបដែលសង្គ្រាម ដែលឥឡូវនេះឈានចូលដល់សប្តាហ៍ទី៥ អាចនឹងបញ្ចប់។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃអង្គារថា៖ «យើងនឹងចាកចេញក្នុងពេលឆាប់ៗនេះ» ហើយបន្ថែមថា ការចាកចេញអាចកើតឡើង «ក្នុងរយៈពេល ២ សប្តាហ៍ ប្រហែល ២ ឬ ៣ សប្តាហ៍»។

នៅពេលសួរថា តើការទូតជោគជ័យជាមួយអ៊ីរ៉ង់ ជាលក្ខខណ្ឌមុនសម្រាប់ការបញ្ចប់ប្រតិបត្តិការ ដែលគេដាក់ឈ្មោះថា «Epic Fury» ឬយ៉ាងណា លោកបានឆ្លើយថា «មិនមែនទេ»។ លោកបន្តថា៖ «អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងទេ… ពួកគេមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយខ្ញុំឡើយ»។

សេតវិមានបានបញ្ជាក់បន្ថែមថា លោក ត្រាំ នឹងថ្លែងសារទៅកាន់ជាតិ ដើម្បី «ផ្តល់ព័ត៌មានថ្មីសំខាន់អំពីអ៊ីរ៉ង់» នៅម៉ោង ៩ យប់ (ម៉ោងនៅអាមេរិក) ថ្ងៃពុធនេះ។

កាលពីមុន ទីក្រុងវ៉ាស៊ីនតោនបានគំរាមបង្កើនប្រតិបត្តិការយោធា ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមទទួលយកក្របខ័ណ្ឌបទឈប់បាញ់ ១៥ ចំណុចរបស់អាមេរិក ដែលមានលក្ខខណ្ឌស្នូលរួមមាន៖ ប្តេជ្ញាមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា លោក ត្រាំ មានឆន្ទៈធ្វើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ រាលដាលពេញតំបន់ បង្កការរំខានដល់ការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងសេដ្ឋកិច្ចពិភពលោក។

កាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសអារ៉ាប់រួម (UAE) កំពុងត្រៀមជួយអាមេរិក និងសម្ព័ន្ធមិត្ត បើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីបញ្ចប់ការរាំងស្ទះលើផ្លូវដឹកជញ្ជូនប្រេងប្រហែល ១ ភាគ ៥ នៃពិភពលោក។

ខណៈដែលអាមេរិកអះអាងថាការចរចាកំពុងបន្ត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា សារពីអាមេរិក មិនមែនជាការចរចាផ្ទាល់ទេ ប៉ុន្តែជាការគំរាមកំហែង ឬបញ្ជូនតាម «មិត្តភក្តិ»។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានគំរាមវាយប្រហារលើក្រុមហ៊ុនអាមេរិកនៅតំបន់ ដោយដាក់ក្រុមហ៊ុនចំនួន ១៨ ក្នុងបញ្ជីខ្មៅ រួមមាន Microsoft, Google, Apple, Intel, IBM, Tesla និង Boeing។ នៅពេលសួរអំពីបញ្ហានេះ លោក ត្រាំ បានឆ្លើយថា «ទេ»។

លោក ត្រាំ ក៏បានរិះគន់ប្រទេសមួយចំនួនដែលមិនបានជួយក្នុងសង្គ្រាមនេះ ដូចជា ចក្រភពអង់គ្លេស ដែលជាសមាជិក NATO។ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានលើកឡើងថា អឺរ៉ុបចង់ឱ្យអាមេរិកការពារ ប៉ុន្តែមិនផ្តល់ជំនួយវិញ។

សង្គ្រាមនៅតែបន្តឆាបឆេះ

ជម្លោះនេះក៏បានបង្កឱ្យការប៉ះទង្គិចរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ នៅលីបង់ កើនឡើងវិញ។ ក្រសួងសុខាភិបាលលីបង់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និង ២៤ នាក់រងរបួស ក្នុងការវាយប្រហារពីរលើកនៅតំបន់បេរូត។

ទន្ទឹមនឹងនេះ ប្រទេសប៉ាគីស្ថានកំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួល ខណៈរដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាន បានអំពាវនាវឱ្យមានបទឈប់បាញ់ និងជំរុញការចរចាសន្តិភាពឱ្យបានឆាប់។

នៅខាងក្នុងអ៊ីរ៉ង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា រ៉ាដានៅកំពង់ផែ Bushehr និងរោងចក្រដែកថែប Mobarakeh ត្រូវបានរាយការណ៍ថារងការវាយប្រហារជាបន្តបន្ទាប់។

ការកើនឡើងនៃតម្លៃប្រេង និងឥន្ធនៈ កំពុងប៉ះពាល់ដល់គ្រួសារអាមេរិក និងក្លាយជាបញ្ហានយោបាយសម្រាប់លោក ត្រាំ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ការស្ទង់មតិ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិកប្រហែល ២ ភាគ ៣ គាំទ្រឱ្យបញ្ចប់ការចូលរួមក្នុងសង្គ្រាមនេះឱ្យបានឆាប់ ទោះបីមិនទាន់សម្រេចគោលដៅក៏ដោយ៕

ប្រភព៖ Reuters: https://www.reuters.com/world/asia-pacific/trump-says-us-could-end-iran-war-two-three-weeks-2026-03-31/

Images-Content-0169
Images-Content-0169
End image 1