International
ថៃចង់ឱ្យភ្ញៀវទេសចរប្រើកម្មវិធីថ្មី ឆ្លងកាត់អន្តោប្រវេសន៍ត្រឹម៤០វិនាទី ខណៈបញ្ហាកកស្ទះអីវ៉ាន់នៅមិនទាន់ដោះស្រាយចេញ

ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៖ ប្រទេសថៃបានដាក់ឱ្យប្រើកម្មវិធីទូរស័ព្ទថ្មីឈ្មោះ THIM (Thai Immigration) ដើម្បីសម្រួលនីតិវិធីអន្តោប្រវេសន៍ និងពន្លឿនការឆ្លងកាត់បញ្ជររបស់ភ្ញៀវបរទេស ដោយអាជ្ញាធរមានគោលដៅកាត់បន្ថយពេលវេលាដែលអ្នកដំណើរម្នាក់ចំណាយនៅបញ្ជរអន្តោប្រវេសន៍មិនឱ្យលើសពី ៤០វិនាទី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ដោយដកស្រង់ប្រភព VNA កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
កម្មវិធី THIM បច្ចុប្បន្នបានបញ្ចូលប្រព័ន្ធកាតមកដល់ប្រទេសថៃឌីជីថល ដែលអនុញ្ញាតឱ្យភ្ញៀវបរទេសបំពេញព័ត៌មានជាមុន មុនពេលធ្វើដំណើរ។ នៅដំណាក់កាលបន្ទាប់ អាជ្ញាធរគ្រោងបន្ថែមមុខងារកក់ពេលវេលាចូលជួរ បន្តទិដ្ឋាការ រាយការណ៍ការស្នាក់នៅ៩០ថ្ងៃ ស្នើសុំលិខិតបញ្ជាក់ទីលំនៅ និងសេវាទិដ្ឋាការពេលមកដល់។ កម្មវិធីនេះក៏ប្រើការស្កេនបន្ទះឈីបលិខិតឆ្លងដែន ការសម្គាល់មុខ និងការអ៊ិនគ្រីបទិន្នន័យជីវមាត្រ ហើយគិតត្រឹមចុងខែកញ្ញា មានការទាញយកជាង ៦០ម៉ឺនដង។
ទន្ទឹមនឹងការព្យាយាមធ្វើឱ្យដំណើរការអន្តោប្រវេសន៍កាន់តែលឿន បញ្ហាកកស្ទះឥវ៉ាន់នៅអាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃនៅមិនទាន់ដោះស្រាយបានទាំងស្រុងនៅឡើយ។ តាម Thai PBS កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អាកាសយានដ្ឋានសុវណ្ណភូមិបានសហការជាមួយក្រុមហ៊ុន Thai Airways ដើម្បីពន្លឿនការដោះស្រាយឥវ៉ាន់ដែលកកស្ទះ ហើយចំនួនអីវ៉ាន់ដែលនៅសល់បានថយចុះពីជាង ១០,០០០បំណែក មកនៅប្រមាណ ៥,០០០–៦,០០០បំណែក។
បញ្ហាអីវ៉ាន់នេះកើតឡើងក្រោយទឹកភ្លៀង និងទឹកជំនន់បានរំខានដល់ប្រតិបត្តិការនៅសុវណ្ណភូមិ និងបណ្តាលឱ្យបុគ្គលិកមួយចំនួនមិនអាចមកបំពេញការងារបាន។ ក្រុមហ៊ុន Thai Airways និងអាជ្ញាធរថៃបានបន្ថែមកម្លាំងមនុស្ស ឧបករណ៍ និងសម្ភារៈ ដើម្បីពន្លឿនការតម្រៀបនិងប្រគល់អីវ៉ាន់ ខណៈក្រសួងដឹកជញ្ជូនថៃបានដាក់គោលដៅឱ្យសម្អាតអីវ៉ាន់ដែលនៅសេសសល់ឱ្យបានរួចរាល់ត្រឹម ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ប្រភព៖ Thai PBS
https://www.thaipbs.or.th/news/content/558978
រាយការណ៍ដោយ៖ The Khmer Today


