National
ផ្ទាំងផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងជាង ៨០% ត្រូវបានកាត់បន្ថយនៅទូទាំងប្រទេស

ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងនៅតាមដងផ្លូវទូទាំងប្រទេស ត្រូវបានកាត់បន្ថយជាង ៨០% ដោយបច្ចុប្បន្ននៅសល់ប្រមាណ ១៧% ប៉ុណ្ណោះ ក្នុងចំណោមផ្ទាំងផ្សព្វផ្សាយប្រមាណ ៦០០០ទីតាំង។ ផ្ទាំងប៉ាណូមួយចំនួនក៏ត្រូវបានផ្លាស់ប្ដូរទៅជាផ្ទាំងផ្សព្វផ្សាយទឹកសុទ្ធវិញផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា ការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ មិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការដាក់ចេញ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយកត្តាដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មី ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចធិបតីក៏បានលើកឡើងពីវិធានការបិទរង្វាន់នៅលើក្រវិលកំប៉ុង និងភេសជ្ជៈ ដែលត្រូវបានចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
សម្ដេចធិបតីបានពន្យល់ថា វិធានការទាំងនេះមានគោលដៅចូលរួមការពារសុខភាពប្រជាពលរដ្ឋ ព្រោះជំងឺមួយចំនួនជាជំងឺឆ្លង ឬជំងឺតំណពូជ ខណៈជំងឺមួយចំនួនទៀតអាចការពារ និងកាត់បន្ថយហានិភ័យបាន ដូចជាការផឹកភេសជ្ជៈប៉ូវកម្លាំងលើសកម្រិតនេះ វាជាហានិភ័យដែលយើងត្រូវទប់ស្កាត់ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋ និងធនធានរបស់សង្គម។ ដូច្នេះ ការរួមគ្នាទប់ស្កាត់កត្តាហានិភ័យ តាមរយៈវិធានការផ្សេងៗ រួមទាំងការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង គឺជាផ្នែកមួយនៃការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។
ប្រភព៖ ផ្សាយផ្ទាល់សម្ដេចបវរធិបតី ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មី
https://www.facebook.com/share/v/1EsM7PmVDZ/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


