National
ក្រោយរួមដំណើរ ២៥ឆ្នាំ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ផ្ទេរការគ្រប់គ្រងកម្មវិធីថែទាំសត្វព្រៃទៅក្រសួងកសិកម្ម

ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ ក្រោយរួមដំណើរអស់រយៈពេល ២៥ឆ្នាំ ក្នុងការជួយសង្គ្រោះ ស្តារនីតិសម្បទា និងអភិរក្សសត្វព្រៃនៅកម្ពុជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្ទេរការគ្រប់គ្រងប្រតិបត្តិការពេញលេញនៃកម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះ ទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការផ្ទេរភារកិច្ចនេះបានបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ការផ្ទេរនេះធ្វើឡើង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកសាងសមត្ថភាពបច្ចេកទេស និងមានលទ្ធភាពពេញលេញក្នុងការទទួលយកការគ្រប់គ្រងប្រតិបត្តិការ ក្រោមក្របខ័ណ្ឌរដ្ឋបាល និងថវិកាជាតិ។ ភាគីទាំងពីរបានចាត់ទុកការផ្លាស់ប្តូរនេះថា ជាជំពូកថ្មីនៃដំណើររួមគ្នា ឆ្ពោះទៅរកការគ្រប់គ្រងការងារអភិរក្សប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ក្នុងរយៈពេល ២៥ឆ្នាំនៃភាពជាដៃគូ ក្រសួងកសិកម្ម និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរួមគ្នាអភិវឌ្ឍជំនាញបច្ចេកទេសក្នុងស្រុក និងបង្កើតស្តង់ដារសម្រាប់ការសង្គ្រោះ ការស្តារនីតិសម្បទា និងការថែទាំសុខភាពសត្វព្រៃ។ សេចក្តីប្រកាសបញ្ជាក់ថា ការវិនិយោគសរុបប្រមាណ ១៥.២លានដុល្លារ ត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធី ដោយគាំទ្រដល់អាហារូបត្ថម្ភសត្វ ការថែទាំដោយពេទ្យសត្វ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីស្តារនីតិសម្បទា នៅតំបន់សំខាន់ៗ រួមមានមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងស្ថានីយ៍ដោះលែងសត្វព្រៃនៅខេត្តកោះកុង។
ក្រោយការផ្ទេរការគ្រប់គ្រង អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនបានបញ្ចប់ការងារអភិរក្សនៅកម្ពុជានោះទេ ប៉ុន្តែនឹងបន្តសហការជាមួយក្រសួង តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងពង្រីកការការពារតំបន់ព្រៃឈើសំខាន់ៗនៅទូទាំងប្រទេស។ ក្នុងនោះ មានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកសំកុស ដែលមានគោលដៅការពារជម្រកធម្មជាតិ សម្រាប់ការរស់រានរបស់សត្វព្រៃដែលបានសង្គ្រោះ និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀតនៅកម្ពុជា៕
ប្រភព៖ អង្គការសម្ព័ន្ធនិមិត្តសត្វព្រៃកម្ពុជា
https://web.facebook.com/share/p/1DjtE12sxC/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


