National
ថៃចោទកម្ពុជាថា "បំភ្លៃការពិត" ខណៈកម្ពុជាអះអាងថា អាមេរិកជំរុញឱ្យថៃបញ្ឈប់សកម្មភាពរំលោភចូលទឹកដីកម្ពុជា

ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ ថៃបានចោទកម្ពុជាថា "បំភ្លៃការពិត" ដើម្បីផលប្រយោជន៍នយោបាយក្នុងស្រុក ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា សហរដ្ឋអាមេរិកបានជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពដែលអាចបង្កើនភាពតានតឹង ឬបង្ហាញពីការប៉ុនប៉ងរំលោភចូលទឹកដីកម្ពុជា ខណៈភាគីកម្ពុជាបានស្នើឱ្យអាមេរិកជួយជំរុញដំណើរការស្ទង់ និងកំណត់ព្រំដែនតាមរយៈគណៈកម្មការព្រំដែនរួម កម្ពុជា-ថៃ (JBC)។
សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា មន្ត្រីស្ថានទូតអាមេរិកម្នាក់បានមកជួបសម្ដេចប្រមាណ៣ថ្ងៃមុន និងបានបញ្ជូនសារថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានពិភាក្សាជាមួយភាគីថៃ ដោយស្នើឱ្យថៃបញ្ឈប់សកម្មភាពដែលអាចបង្កើនភាពតានតឹង និងសកម្មភាពដែលបង្ហាញពីការប៉ុនប៉ងរំលោភចូលទឹកដីកម្ពុជា។ លោកក៏បានអះអាងថា អាមេរិកបានជំរុញឱ្យបន្តអនុវត្តកិច្ចព្រមព្រៀងកូឡាឡាំពួរ ដែលកំណត់ឱ្យការស្ទង់ និងកំណត់ព្រំដែនត្រូវធ្វើឡើងដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ តាមរយៈយន្តការ JBC។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហររបស់កម្ពុជាថា កម្ពុជាមិនបានចាត់វិធានការណាមួយក្នុងគោលបំណងបង្កើនភាពតានតឹងឡើយ ហើយបានបន្តអត់ធ្មត់ និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយការទូត និងផ្លូវច្បាប់។ លោកបានរំលឹកថា កិច្ចព្រមព្រៀង GBC ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចែងឱ្យក្រុមការងារ JBC បន្តដំណើរការ ហើយកម្ពុជាចង់ឱ្យការស្ទង់ និងកំណត់ព្រំដែនចាប់ផ្តើមឡើងវិញតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ ព្រោះដំណើរការដោះស្រាយបញ្ហាព្រំដែនតាមការទូត និងផ្លូវច្បាប់ត្រូវការពេលវេលា។
ទោះជាយ៉ាងណា ក្រសួងការបរទេសថៃបានចេញសេចក្តីបំភ្លឺថា ការពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ថៃ និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ មិនបានបង្ហាញខ្លឹមសារដូចការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឡើយ ហើយបានចាត់ទុកការរាយការណ៍នេះថាជាករណីមួយទៀតនៃការដែលកម្ពុជាបំភ្លៃការពិតដើម្បីផលប្រយោជន៍នយោបាយក្នុងស្រុក។
ប្រភព៖ក្រសួងការបរទេសថៃ
រាយការណ៍ដោយ៖ The Khmer Today


