National
នគរបាលកម្ពុជាបញ្ជូនជនជាតិថៃ ១៩៣នាក់ ត្រឡប់ទៅប្រទេសវិញ ក្រោយរកឃើញពាក់ព័ន្ធការងារខុសច្បាប់ និងការឆបោកអនឡាញ

ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៖ នគរបាលជាតិកម្ពុជា បានបញ្ជូនជនជាតិថៃចំនួន១៩៣នាក់ ក្នុងនោះមានស្ត្រី៧៣នាក់ ត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ដោយរកឃើញថា ពួកគេពាក់ព័ន្ធនឹងការចូលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងករណីធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
មុនបញ្ជូនចេញពីប្រទេសកម្ពុជា សមត្ថកិច្ចបានបោះត្រាការហាមឃាត់ចូលប្រទេសកម្ពុជារយៈពេល៥ឆ្នាំ លើជនជាតិថៃទាំង១៩៣នាក់ ដើម្បីអនុវត្តតាមវិធានការច្បាប់ពាក់ព័ន្ធ។ ការបញ្ជូនត្រឡប់នេះធ្វើឡើងដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា។
ក្នុងពេលជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរចំនួន៨៦នាក់វិញដែរ ពីអាជ្ញាធរថៃ ក្រោយឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។ មន្ត្រីកម្ពុជាបានស្រង់ព័ត៌មានសាវតារបស់ពួកគេ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។
ទន្ទឹមនឹងការអនុវត្តច្បាប់ សមត្ថកិច្ចកម្ពុជាក៏បានផ្តល់អាហារ និងទឹកដល់ជនជាតិថៃដែលត្រូវបញ្ជូនត្រឡប់ទៅប្រទេសវិញ និងពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកកម្ពុជាផងដែរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌៕
ប្រភព៖ គេហទំព័រផ្លូវការ ឯកឧត្តម ស សុខា
https://www.facebook.com/share/p/1EzNhLc5Nw/
រាយការណ៍ដោយ៖ The Khmer Today


