National
ក្រោយកិច្ចប្រជុំលើកទី១ នៅសិង្ហបុរី កម្ពុជា-ថៃបន្តពិភាក្សាវិវាទដែនសមុទ្រនៅឡាអេ ពីថ្ងៃទី១៤-១៨ តុលា ២០២៦ ស្អែកនេះ

ភ្នំពេញថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ កម្ពុជា និងថៃ នឹងបន្តកិច្ចប្រជុំផ្សះផ្សាលើកទី២ ស្តីពីវិវាទដែនសមុទ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយចាប់ផ្តើមនៅថ្ងៃស្អែក បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែកញ្ញាកន្លងទៅ។ កិច្ចប្រជុំនេះស្ថិតក្នុងក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងមានគោលបំណងជំរុញឱ្យភាគីទាំងពីរស្វែងរកដំណោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងជាភ្នាក់ងាររបស់កម្ពុជាក្នុងដំណើរការផ្សះផ្សានេះ ដោយមានការចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រុមអ្នកជំនាញពាក់ព័ន្ធ។ ចំណែកគណៈប្រតិភូថៃដឹកនាំដោយលោក ស៊ីហាសាក់ ភឿងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ និងមានលោក ប៉ាកន និលប្រាពុន ជាទីប្រឹក្សា។
កិច្ចប្រជុំលើកទី១ នៅសិង្ហបុរី ភាគីទាំងពីរបានពិភាក្សាលើលក្ខខណ្ឌយោង របៀបធ្វើការរបស់គណៈកម្មការផ្សះផ្សា និងជំហានបន្តនៃដំណើរការនេះ។ ចំពោះគោលដៅរបស់កម្ពុជា គឺស្វែងរកកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្ររួមសម្រាប់គោលបំណងទាំងអស់ ឬកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលដែលមិនទាន់មានការកំណត់ព្រំដែនចុងក្រោយ។
ចំណែកភាគីថៃបានបញ្ជាក់ថា ខ្លួនត្រៀមសហការ និងផ្តល់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសមធម៌ និងស្របតាមច្បាប់អន្តរជាតិ។ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងបាន កម្ពុជាអាចស្នើឱ្យគណៈកម្មការផ្សះផ្សាផ្តល់អនុសាសន៍ជាមូលដ្ឋានសម្រាប់ការចរចានាពេលបន្ត។ ដំណើរការផ្សះផ្សានេះមិនមែនជាការកាត់ក្តីទេ ប៉ុន្តែជាយន្តការដែលមានគោលបំណងជួយភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ
https://www.facebook.com/share/p/1CFQu5So5Z/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


