National
កម្ពុជា វៀតណាមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខព្រំដែន

ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ឡេ មិញ ហ៊ឹង (Lê Minh Hưng) បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាព។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីក្រុងហាណូយ កាលពីថ្ងៃទី១៣ ខែតុលា។ នេះបើយោងតាមសារព័ត៌មាន Vietnam News។
ក្នុងជំនួបនេះ ភាគីវៀតណាមបានជំរុញឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរយោបល់លើបញ្ហាយុទ្ធសាស្ត្រ ពង្រឹងការបណ្តុះបណ្តាលបុគ្គលិក និងបង្កើនកិច្ចសម្របសម្រួលលើការបោះបង្គោល និងការគ្រប់គ្រងព្រំដែនគោក ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងច្រកទ្វារព្រំដែន។
ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណដល់វៀតណាមចំពោះការគាំទ្រលើការបណ្តុះបណ្តាល និងការព្យាបាលវេជ្ជសាស្ត្រ ព្រមទាំងបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជានឹងបន្តសហការជាមួយភាគីវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងផែនការសហប្រតិបត្តិការរួម ដោយផ្តោតលើការពិគ្រោះយោបល់គោលនយោបាយ ភស្តុភារ និងការផ្លាស់ប្តូររវាងមន្ត្រីវ័យក្មេង។
ភាគីទាំងពីរក៏បានត្រៀមរៀបចំសកម្មភាពសម្រាប់ ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៧ ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នឯកឧត្តម ទៀ សីហា កំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកម្ពុជា វៀតណាម និងឡាវ ព្រមទាំងសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងបី៕
ប្រភព៖ ទំព័រហ្វេសប៊ុក ឯកឧត្តម ទៀ សីហា
https://www.facebook.com/share/p/1J48YqZSVe/?mibextid=wwXIfr
https://www.facebook.com/share/19hkzpY54T/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


