International
តើសង្គ្រាមអ៊ីរ៉ង់អាចកែប្រែយុទ្ធសាស្ត្រថាមពលរបស់អាស៊ីយ៉ាងដូចម្តេច?

តើសង្គ្រាមអ៊ីរ៉ង់អាចកែប្រែយុទ្ធសាស្ត្រថាមពលរបស់អាស៊ីយ៉ាងដូចម្តេច?
សិង្ហបុរី៖ នៅពេលដែលសង្គ្រាមនៅអ៊ីរ៉ង់បានអូសបន្លាយលើសពីមួយខែ ប្រទេសអាស៊ីមួយចំនួនកំពុងងាកទៅរកធ្យូងថ្ម ដើម្បីធានាឱ្យមានអគ្គិសនីប្រើប្រាស់ និងបង្ការកុំឱ្យតម្លៃអគ្គិសនីហក់ឡើងខ្ពស់ខ្លាំង។បញ្ហានេះកើតឡើងក្នុងពេលដែលតំបន់អាស៊ីកំពុងប្រឈមមុខនឹងផលវិបាកនៃការដែលខ្លួនពឹងផ្អែកខ្លាំងពេកលើឥន្ធនៈផូស៊ីលពីមជ្ឈិមបូព៌ា។
អាស៊ីគឺជាគោលដៅចម្បងសម្រាប់ប្រេង និងឧស្ម័នដែលដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ហើយការបិទច្រកទឹកនេះដោយសារសង្គ្រាម បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន។ ខណៈដែលជម្លោះនេះកំពុងបង្ហាញឱ្យឃើញនូវភាពទន់ខ្សោយនៃសន្តិសុខថាមពលរបស់អាស៊ី CNA នឹងពិនិត្យមើលថា តើការត្រឡប់ទៅរកការប្រើធ្យូងថ្មវិញនេះនឹងមានលក្ខណៈអចិន្ត្រៃយ៍ដែរឬទេ ហើយតើសង្គ្រាមនឹងជះឥទ្ធិពលដល់យុទ្ធសាស្ត្រថាមពលរបស់តំបន់ក្នុងរយៈពេលវែងយ៉ាងដូចម្តេច។
តើប្រទេសណាខ្លះកំពុងងាកទៅរកធ្យូងថ្ម?
ដើម្បីឆ្លើយតបទៅនឹងការរំខានដល់ការផ្គត់ផ្គង់ថាមពល ប្រទេសអាស៊ីមួយចំនួនបានលើកលែងការរឹតបន្តឹងលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ឬបង្កើនប្រតិបត្តិការដើម្បីជំនួសការនាំចូលប្រេង និងឧស្ម័ន។
• កូរ៉េខាងត្បូង៖ បានដកការកម្រិតលើផលិតកម្មរោងចក្រធ្យូងថ្ម កាលពីពាក់កណ្តាលខែមីនា ដោយអនុញ្ញាតឱ្យផលិតបានលើសពី ៨០% នៃសមត្ថភាពដំឡើង។
• ជប៉ុន៖ ដែលពឹងផ្អែកលើការនាំចូលថាមពលរហូតដល់ ៨៥% ក៏បានដកការកម្រិតផងដែរ។ ចាប់ពីខែនេះទៅ រោងចក្រធ្យូងថ្មចាស់ៗដែលពីមុនត្រូវបានអនុញ្ញាតឱ្យដំណើរការត្រឹម ៥០% នឹងត្រូវអនុញ្ញាតឱ្យដំណើរការពេញសមត្ថភាពក្នុងរយៈពេលមួយឆ្នាំ។
• ហ្វីលីពីន៖ កំពុងបង្កើនប្រតិបត្តិការរោងចក្រធ្យូងថ្ម ដើម្បីទប់តម្លៃអគ្គិសនីឱ្យនៅទាប។
• ថៃ៖ បានបញ្ជាឱ្យបើកដំណើរការឡើងវិញនូវម៉ាស៊ីនពីរគ្រឿងនៅរោងចក្រ Mae Moh ខណៈដែល ឥណ្ឌា បានសុំឱ្យរោងចក្រនានាដំណើរការក្នុងកម្រិតអតិបរមា ដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់ក្នុងរដូវក្តៅ។
តើសង្គ្រាមនឹងធ្វើឱ្យធ្យូងថ្មស្ថិតក្នុងប្រព័ន្ធថាមពលអាស៊ីយូរអង្វែងឬ?
តាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្យូងថ្មមានចំណែករហូតដល់ ៤៩% នៃការផ្គត់ផ្គង់ថាមពលនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៣។
លោកស្រី Jane Nakano អ្នកជំនាញនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) យល់ថា រោងចក្រធ្យូងថ្មនៅអាស៊ីនឹងត្រូវប្រើប្រាស់កាន់តែច្រើន រហូតដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង និងឧស្ម័នសកលត្រូវបានស្តារឡើងវិញ។ លោកស្រីបន្ថែមថា សង្គ្រាមទំនងជានឹងពន្យឺតល្បឿននៃការបោះបង់ចោលរោងចក្រធ្យូងថ្ម ដោយសាររដ្ឋាភិបាលមួយចំនួនមើលឃើញថាវាជា «ធានារ៉ាប់រង» ប្រឆាំងនឹងវិបត្តិថាមពលនាពេលអនាគត។
ទោះជាយ៉ាងណា លោកស្រីមិនគិតថាអាស៊ីនឹងស្វាគមន៍រោងចក្រធ្យូងថ្មថ្មីៗក្នុងរយៈពេលវែងនោះទេ ព្រោះការពឹងផ្អែកលើធ្យូងថ្មយូរពេក អាចធ្វើឱ្យបាត់បង់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម ដោយសារពិភពលោកកំពុងផ្ដោតខ្លាំងលើការកាត់បន្ថយកាបូនក្នុងពាណិជ្ជកម្មសកល។
ហេតុអ្វីមិនងាកទៅរកថាមពលស្អាត ឬថាមពលកកកើតឡើងវិញឥឡូវនេះ?
លោកបណ្ឌិត Victor Nian មកពីមជ្ឈមណ្ឌលយុទ្ធសាស្ត្រថាមពល និងធនធាន បានពន្យល់ថា ទោះបីជាចង់ឱ្យមានការកើនឡើងនៃថាមពលកកើតឡើងវិញក៏ដោយ ប៉ុន្តែធ្យូងថ្មគឺជាជម្រើសតែមួយគត់ដែលអាចពឹងផ្អែកបាន និងមានតម្លៃសមរម្យដើម្បីទប់ទល់នឹងវិបត្តិភ្លាមៗ។
លោកបានបន្ថែមថា ថាមពលកកើតឡើងវិញ (ដូចជាកម្តៅថ្ងៃ ឬខ្យល់) មានលក្ខណៈមិនទៀងទាត់ ដែលមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទំនើប ឬការរីកចម្រើនទីក្រុងក្នុងប្រទេសអាស៊ីដែលកំពុងអភិវឌ្ឍបានឡើយ។ ការពង្រីកចំណែកថាមពលស្អាតត្រូវការពេលវេលា ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ និងឆន្ទៈនយោបាយខ្ពស់។
ផលវិបាករយៈពេលវែងសម្រាប់យុទ្ធសាស្ត្រថាមពលអាស៊ី
អ្នកជំនាញទាំងបីបានយល់ស្របគ្នាថា ផលប៉ះពាល់នៃជម្លោះនេះ អាចនាំឱ្យមានការរុញច្រានកាន់តែខ្លាំងឆ្ពោះទៅរក «ថាមពលនុយក្លេអ៊ែរ» នៅអាស៊ី។
លោក Julius Cesar Trajano មកពីសាលា S. Rajaratnam បាននិយាយថា ថាមពលនុយក្លេអ៊ែរនឹងទទួលបានសន្ទុះថ្មី ព្រោះវាផ្តល់នូវប្រភពថាមពលដែលមានស្ថិរភាព បញ្ចេញកាបូនទាប និងអាចគ្រប់គ្រងបានដោយខ្លួនឯងក្នុងស្រុក។
• សិង្ហបុរី៖ បានប្រកាសកាលពីខែមីនាថា ខ្លួននឹងធ្វើការសិក្សាចំនួនបីអំពីសុវត្ថិភាពនុយក្លេអ៊ែរ និងផលប៉ះពាល់បរិស្ថាន។
• ជប៉ុន និងឥណ្ឌូណេស៊ី៖ បានព្រមព្រៀងសហការគ្នាសាងសង់រោងចក្រនុយក្លេអ៊ែរថ្មីមួយ ដែលអាចនឹងស្ថិតនៅតំបន់កាលីម៉ាន់តាន់ខាងលិច ប្រទេសឥណ្ឌូណេស៊ី។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា៖ «បន្ទាប់ពីស្ថានភាពនៅអ៊ីរ៉ង់មក សារៈសំខាន់នៃធនធាន និងសន្តិសុខថាមពល កំពុងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក»។
បញ្ហាប្រឈមក្នុងការធ្វើឱ្យប្រភពថាមពលមានភាពចម្រុះ
បញ្ហាប្រឈមធំៗរួមមាន៖ ការទទួលបានបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទំនើប និងហិរញ្ញវត្ថុ។ លើសពីនេះ ធនធានថាមពលកកើតឡើងវិញមិនមានចែករំលែកស្មើគ្នានៅតាមបណ្តាប្រទេសក្នុងតំបន់នោះទេ។
ចំពោះថាមពលនុយក្លេអ៊ែរ អាស៊ីអាគ្នេយ៍នៅមានកម្រិតទាបផ្នែកច្បាប់ទម្លាប់ និងខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Trajano បានព្រមានថា ប្រសិនបើប្រទេសអាស៊ីសម្រុកធ្វើគម្រោងនុយក្លេអ៊ែរដោយគ្មានការរៀបចំស្ថាប័នត្រួតពិនិត្យ និងអ្នកជំនាញឱ្យបានត្រឹមត្រូវទេ វានឹងបង្កហានិភ័យដល់សុវត្ថិភាព និងភាពជឿជាក់លើឆាកអន្តរជាតិ។
ជាចុងក្រោយ លោកបណ្ឌិត Victor Nian បានសង្កត់ធ្ងន់ថា «កិច្ចសហប្រតិបត្តិការក្នុងតំបន់» គឺជាគន្លឹះសំខាន់បំផុត ដើម្បីឱ្យសេដ្ឋកិច្ចអាស៊ីអាចទទួលបានថាមពលស្អាត និងពង្រឹងភាពធន់របស់ខ្លួនចំពោះការប្រែប្រួលនៃភូមិសាស្ត្រនយោបាយពិភពលោក៕
ប្រភពពី CNA https://www.channelnewsasia.com/asia/iran-war-coal-energy-security-supply-6033521
រាយការណ៍ដោយ៖ The Khmer Today



