National

October 19, 2026 at 3:04 PM
Melea_Sovannary

កម្ពុជា-ថៃឯកភាពលើវិធានការកសាងទំនុកចិត្ត ប៉ុន្តែគណៈកម្មការផ្សះផ្សាជំរុញឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងចាស់ៗឱ្យបានពេញលេញ

កម្ពុជា-ថៃឯកភាពលើវិធានការកសាងទំនុកចិត្ត ប៉ុន្តែគណៈកម្មការផ្សះផ្សាជំរុញឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងចាស់ៗឱ្យបានពេញលេញ

ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ កម្ពុជា និងថៃបានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីពង្រឹងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាព ស្របតាមច្បាប់អន្តរជាតិ ក្រោយកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពគ្នាកន្លងមក មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ដោយហេតុនេះហើយ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា និងជំរុញដំណើរការផ្សះផ្សាឱ្យមានវឌ្ឍនភាព។

ពាក់ព័ន្ធនឹងវិធានការកសាងទំនុកចិត្តដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី២នេះ គណៈកម្មការបានជំរុញឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយចាត់ទុកថា វិធានការទាំងនេះមានសារៈសំខាន់សម្រាប់ជំរុញដំណើរការផ្សះផ្សា។ កម្ពុជា និងថៃក៏បានទទួលស្គាល់សិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់ផងដែរ។

គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាបានសម្តែងការកោតសរសើរចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានខិតខំសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយឱ្យមានការឯកភាពលើវិធានការកសាងទំនុកចិត្ត។ គណៈកម្មការផ្សះផ្សាក៏នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២នេះ នៅពេលសមស្របផងដែរ៕

ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ

https://www.facebook.com/share/p/1BSwUJu9tm/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបភាពពី ឯកឧត្តមប្រាក់ សុខុន  https://www.facebook.com/share/p/19fkZu4CXS/?mibextid=wwXIfr