National
ជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ ត្រូវបានសមត្ថកិច្ចបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ ជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ១៨០នាក់ ក្នុងនោះមានស្ត្រី ២៩នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានសមត្ថកិច្ចកម្ពុជាបណ្ដេញចេញពីប្រទេស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងមានកិច្ចសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។ ការបណ្ដេញជនជាតិឥណ្ឌូនេស៊ីទាំង ១៨០នាក់នេះ ជាផ្នែកមួយនៃការអនុវត្តច្បាប់លើជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើស និងការទប់ស្កាត់ការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តអំពើឆបោកតាមអនឡាញ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាកំពុងបន្តខិតខំប្រឹងប្រែងបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្រាវជ្រាវរកមេខ្លោង ការចាត់វិធានការតាមច្បាប់ និងការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរថា នឹងមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសដែលប៉ះពាល់ដល់សន្តិសុខសង្គម និងសហគមន៍អន្តរជាតិឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
https://web.facebook.com/share/p/1HrXNr5fCZ/
រាយការណ៍ដោយ៖The Khmer Today


