International

October 20, 2026 at 9:53 AM
Melea_Sovannary

ស៊ីហាសាក់ថា ថៃត្រៀមបញ្ជូនតំណាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ដើម្បីកសាងទំនុកចិត្តឡើងវិញ

ស៊ីហាសាក់ថា ថៃត្រៀមបញ្ជូនតំណាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ដើម្បីកសាងទំនុកចិត្តឡើងវិញ

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានឱ្យដឹងថា ថៃត្រៀមបញ្ជូនតំណាងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ នៅកម្ពុជា ក្នុងនាមជាអ្នកសង្កេតការណ៍។ លោកបានលើកឡើងថា ការចូលរួមនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ស្របពេលកម្ពុជា និងថៃកំពុងបន្តដំណើរការផ្សះផ្សា និងស្វែងរកវិធីកាត់បន្ថយភាពតានតឹង។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គ្រោងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ និងតំណាងប្រទេសនានាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមការលើកឡើងរបស់លោក ស៊ីហាសាក់ ថៃក៏បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនុកចិត្តជាមួយកម្ពុជាតាមរយៈការត្រៀមបញ្ជូនអ្នកតំណាងចូលរួមកិច្ចប្រជុំស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងការត្រៀមចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក្នុងនាមជាអ្នកសង្កេតការណ៍។ បន្ថែមលើនេះ លោកបានលើកឡើងពីសារៈសំខាន់នៃការជៀសវាងការចោទប្រកាន់គ្នានៅលើឆាកអន្តរជាតិ និងការដោះស្រាយបញ្ហាតាមរយៈការពិភាក្សាទ្វេភាគី ដោយផ្អែកលើច្បាប់អន្តរជាតិ។

ចំពោះកម្ពុជា កម្ពុជាស្វាគមន៍ជានិច្ចចំពោះគ្រប់បណ្តាប្រទេសទាំងអស់ដែលចូលរួមកិច្ចប្រជុំនេះ ព្រមទាំងថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកកាន់ទឹកដីកម្ពុជា។ កម្ពុជាបន្តគាំទ្រការកសាងទំនុកចិត្ត ការសន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងកិច្ចព្រមព្រៀងដែលភាគីបានឯកភាពគ្នា។ ការចូលរួមរបស់ប្រទេសនានាក្នុងកិច្ចប្រជុំកំពូលនេះ ក៏ជាឱកាសសម្រាប់ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

ប្រភព៖ សារព័ត៌មានថៃ The Reporters

https://www.facebook.com/share/p/19Vw7aEBXG/

ហ្វ្រង់កូហ្វូនីលើកទី២០

https://francophonie2026.gov.kh/km/village-de-la-francophonie

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ សារព័ត៌មានថៃ The Reporters https://www.facebook.com/share/p/19Vw7aEBXG/