International
កញ្ឆាជាង៥តោន ត្រៀមចែកចាយក្នុងទីក្រុងបាងកក ត្រូវសមត្ថកិច្ចថៃបង្ក្រាបបាន

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ សមត្ថកិច្ចថៃបានបង្ក្រាបទីតាំងស្តុក និងវេចខ្ចប់កញ្ឆាមួយកន្លែងក្នុងទីក្រុងបាងកក ដោយរឹបអូសបានផ្កាកញ្ឆាមានទម្ងន់សរុបជាង៥តោន និងឃាត់ខ្លួនជនបរទេស៥នាក់ រួមមានជនជាតិវៀតណាមម្នាក់ និងជនជាតិមីយ៉ាន់ម៉ា៤នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោយអ្នករស់នៅក្បែរទីតាំងបានប្តឹងអំពីក្លិនកញ្ឆាខ្លាំងរំខានដល់ការរស់នៅ។
យោងតាមសារព័ត៌មាន The Thaiger និង Khaosod របស់ថៃ សមត្ថកិច្ចបានចំណាយពេលប្រមាណ២ខែ ប្រមូលភស្តុតាង មុនចុះឆែកឆេរក្នុងផ្ទះកម្ពស់៣ជាន់មួយកន្លែង ក្នុងផ្លូវខូបន ២៧ (Khubon 27) សង្កាត់បាងខេន។ នៅទីនោះ សមត្ថកិច្ចបានរកឃើញជនបរទេសទាំង៥នាក់កំពុងតម្រៀបផ្កាកញ្ឆា ដើម្បីវេចខ្ចប់ និងត្រៀមចែកចាយទៅឱ្យអតិថិជនក្នុងទីក្រុងបាងកក។ ផ្កាកញ្ឆាត្រូវបានដាក់ក្នុងថង់ខ្មៅ និងលាក់ទុកនៅតាមបន្ទប់ផ្ទះ ដែលមានបំពាក់ប្រព័ន្ធបញ្ចេញខ្យល់ដើម្បីបញ្ចេញក្លិនទៅខាងក្រៅ។
ផ្ទះនេះត្រូវបានប្រើប្រាស់សម្រាប់ស្តុក តម្រៀប និងវេចខ្ចប់ផ្កាកញ្ឆាអស់រយៈពេលជាង១ឆ្នាំទៅហើយ ដោយមានជនជាតិថៃម្នាក់ជាអ្នកជួលផ្ទះ មុនពេលជនបរទេសចូលមកប្រតិបត្តិការ។ សមត្ថកិច្ចសង្ស័យថា ជនជាតិវៀតណាមម្នាក់អាចមានតួនាទីគ្រប់គ្រងការងារ ខណៈកម្មករជនជាតិមីយ៉ាន់ម៉ាទាំង៤នាក់ ត្រូវបានរាយការណ៍ថា ទទួលបានប្រាក់ឈ្នួលពី២០០ទៅ៣០០បាតក្នុងមួយថ្ងៃ ស្មើនឹងប្រមាណ២២.០០០ទៅ៣៣.០០០រៀលក្នុងមួយថ្ងៃ ។
ការបើកដំណើរការវេចខ្ចប់កញ្ឆា និងត្រៀមចែកចាយនេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី២០.០០០បាត ស្មើនឹងប្រមាណ២,២លានរៀល។ ពេលសមត្ថកិច្ចថៃកំពុងបញ្ជូនផ្កាកញ្ឆាដែលរឹបអូសបានទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីកំណត់ប្រភពថាតើដាំដុះក្នុងប្រទេស ឬនាំចូលពីបរទេស ព្រមទាំងបន្តស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ប្រភព៖ សារព័ត៌មានថៃ ข่าวช่องวัน - one news
https://www.facebook.com/share/p/1cdWd5yCfn/
The thaiger
https://thethaiger.com/news/bangkok/bangkok-cannabis-raid-seizes-over-5-tonnes-arrests-five
រាយការណ៍ដោយ៖ The Khmer Today


