National
អាជ្ញាធរជាតិព្រះវិហារចាប់ផ្តើមទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ២៩ទីតាំង ដើម្បីការពារការដួលរលំ

ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយកំណត់ទីតាំងអន្តរាគមន៍ចំនួន២៩ទីតាំង ក្នុងគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់កម្ពុជា។
យោងតាមព័ត៌មានពីអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំពិធីសែនព្រេន មុនចុះអនុវត្តគម្រោងនេះ។ ទីតាំងដែលត្រូវធ្វើអន្តរាគមន៍រួមមាន គោបុរៈទី១ ចំនួន១០ទីតាំង គោបុរៈទី២ ចំនួន៨ទីតាំង ស្ពានហាលរវាងគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង គោបុរៈទី៣ ចំនួន៥ទីតាំង និងទីតាំងនៅគោបុរៈទី៤ គោបុរៈទី៥ ស្ពានហាលរវាងគោបុរៈទី៤ និងទី៥ ព្រមទាំងខឿនទ្រក្បាលនាគខាងលិច។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងដំណាក់កាលទី១ គម្រោងនេះបានអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់នៅប្រាសាទព្រះវិហារចំនួន២៣ទីតាំងរួចមកហើយ ដោយគ្របដណ្តប់ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ ការបន្តអនុវត្តដំណាក់កាលទី២ នេះ មានសារៈសំខាន់ក្នុងការពង្រឹងស្ថិរភាពសំណង់ និងកាត់បន្ថយហានិភ័យនៃការខូចខាតបន្ថែម។
អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងការពារសំណង់ប្រាសាទពីការដួលរលំ និងការខូចខាត ព្រមទាំងថែរក្សាតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ដើម្បីធានាថាប្រាសាទព្រះវិហារនៅតែមានស្ថិរភាព និងសុវត្ថិភាព មុនឈានទៅអនុវត្តការងារជួសជុលនៅពេលអនាគត។
ប្រភព៖ អាជ្ញាធរព្រះវិហារ
https://www.facebook.com/share/p/1TrmytTBS8/?mibextid=wwXIfr
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រាយការដោយ៖ The Khmer Today


