National
កម្ពុជាដាក់ចេញសំណើ៤ចំណុច ដើម្បីបន្ធូរភាពតានតឹង និងស្ដារទំនុកចិត្តជាមួយថៃ តាមរយៈគណៈកម្មការផ្សះផ្សា UNCLOS

ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ កម្ពុជាបានដាក់ចេញសំណើសំខាន់ចំនួន៤ចំណុចទៅកាន់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ក្នុងគោលបំណងបន្ធូរភាពតានតឹង ស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការដោះស្រាយវិវាទដោយសន្តិវិធី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា នៅពេលភាពតានតឹងកើនឡើង ទំនុកចិត្តតែងតែថយចុះ។ ដូច្នេះ ភាគីទាំងពីរត្រូវខិតខំកាត់បន្ថយភាពតានតឹង និងស្ដារទំនុកចិត្តឡើងវិញ ដើម្បីឈានទៅរកការយោគយល់គ្នា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការផ្សះផ្សាបានស្នើឱ្យភាគីទាំងពីរដាក់បញ្ជូនវិធានការដែលខ្លួនយល់ថា អាចជួយកសាងទំនុកចិត្តទៅវិញទៅមក។ កម្ពុជាក៏បានលើកសំណើចំនួន៤ចំណុច ដោយផ្ដោតលើការប្រាស្រ័យទាក់ទងប្រកបដោយស្ថាបនា ការជៀសវាងសកម្មភាពបង្កភាពតានតឹង ការពង្រឹងទំនាក់ទំនងការទូត និងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់។

ទី១៖ ជំរុញការប្រាស្រ័យទាក់ទងជាសាធារណៈក្នុងលក្ខណៈស្ថាបនា។ ការប្រាស្រ័យទាក់ទងជាសាធារណៈក្នុងន័យវិជ្ជមាន និងស្ថាបនា ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា ការយោគយល់គ្នា និងការស្វែងរកដំណោះស្រាយ ជាជាងការប្រើសារឬសកម្មភាពដែលអាចធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង។
ទី២៖ ចៀសវាងសកម្មភាពដែលអាចបង្កភាពតានតឹង និងការប្រើប្រាស់កម្លាំង។ កម្ពុជាស្នើឱ្យភាគីទាំងពីរផ្ដោតលើការទប់ស្កាត់ស្ថានការណ៍មិនឱ្យកាន់តែអាក្រក់ឡើង ព្រមទាំងចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងដែនសមុទ្រដែលតភ្ជាប់រវាងប្រទេសទាំងពីរ។
ទី៣៖ លើកកម្ពស់ទំនាក់ទំនងការទូត និងបង្កើនបណ្ដាញទំនាក់ទំនងរវាងថ្នាក់ដឹកនាំ។ កម្ពុជាស្នើឱ្យភាគីទាំងពីរពង្រឹងទំនាក់ទំនងការទូត និងរក្សាបណ្ដាញទំនាក់ទំនងដែលអាចប្រើប្រាស់បានជាប្រចាំ ជាពិសេសរវាងរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
ទី៤៖ អនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងបទឈប់បាញ់លើកទី១ បទឈប់បាញ់លើកទី២ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែកញ្ញា។ ភាគីទាំងពីរគ្រោងនឹងបន្តកិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមរយៈសំណើទាំង៤ចំណុចនេះ កម្ពុជាបង្ហាញពីជំហរបន្តស្វែងរកដំណោះស្រាយចំពោះវិវាទដែនសមុទ្រជាមួយថៃតាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជារំពឹងថា ប្រសិនបើភាគីទាំងពីរអនុវត្តវិធានការកសាងទំនុកចិត្តទាំងនេះប្រកបដោយសុឆន្ទៈ នោះវានឹងរួមចំណែកបន្ធូរភាពតានតឹង ទប់ស្កាត់ការប្រឈមមុខគ្នា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិភាព និងចីរភាព៕
ប្រភព :ទូរទស្សន៍ជាតិកម្ពុជា ទទក
https://www.facebook.com/share/v/1FLdHoWYo6/?mibextid=wwXIfr
រាយការណ៍ដោយ: The Khmer Today


