International
នាវាចម្បាំងរុស្ស៊ី ២គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាព

នាវាចម្បាំងរុស្ស៊ី ២គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាព
(ខេត្តព្រះសីហនុ) ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ៖ ក្នុងស្មារតីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែជិតស្និទ្ធ នាវាចម្បាំងចំនួន ២គ្រឿង មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី បានចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពរយៈពេល ៣ថ្ងៃ។
នាវាចម្បាំងទាំងពីរគ្រឿងខាងលើ រួមមាននាវាឈ្មោះ Sovershenny (លេខសម្គាល់ ៣៣៣) និងនាវាឈ្មោះ Rezky (លេខសម្គាល់ ៣៤៣)។ ដំណើរទស្សនកិច្ចនាពេលនេះ ស្ថិតក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោកវរនាវីឯក SHMAGIN Artem និងលោកវរនាវីឯក KOVALEV Evgenii ព្រមទាំងមានការអមដំណើរដោយនាវិកសរុបប្រមាណ ២៦២នាក់។
នៅក្នុងពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅទីតាំងកំពង់ផែ គេសង្កេតឃើញមានវត្តមានលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម តំណាងឱ្យកងទ័ពជើងទឹកកម្ពុជា រួមជាមួយកងកម្លាំងចំនួន ៦០នាក់។ ក្នុងនោះដែរ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមជាអធិបតី ដើម្បីស្វាគមន៍ការមកដល់នៃកងនាវានេះផងដែរ។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលជាប្រទេសមានប្រវត្តិនៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតយ៉ាងស្អិតរមួតជាមួយគ្នាជាយូរណាស់មកហើយ។ វត្តមានរបស់នាវាចម្បាំងទាំងពីរនេះ គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
យោងតាមកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងពេលនៃការសំចតរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រៅពីជំនួបពិភាក្សាការងារ និងការស្វែងយល់ពីគ្នា កងទ័ពជើងទឹកនៃប្រទេសទាំងពីរក៏នឹងមានការរៀបចំការប្រកួតបាល់ទាត់មិត្តភាពជាមួយគ្នាផងដែរ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពរវាងនាវិក និងនាវិក ក៏ដូចជាកងទ័ពជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ប្រភពពី៖
ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/190245?fbclid=IwY2xjawQ_-qNleHRuA2FlbQIxMQBzcnRjBmFwcF9pZBAyMjIwMzkxNzg4MjAwODkyAAEeUgThj745hrqCnaTN9ymugY8htolkh3Wl4HMQRmjwrTQhJse2WGSblstKyKg_aem_8gmQWPEelQsnh7fdnPNWzw
រូបភាព៖ ហុង ម៉េងឡុង
រាយការណ៍ដោយ៖ The Khmer Today



