National
កម្ពុជាបង្ហាញស្ថានការណ៍ព្រំដែននៅច្រកបឹងត្រកួនជូនគណៈប្រតិភូហ្វីលីពីន និងលើកឡើងពីសកម្មភាពរំលោភកិច្ចព្រមព្រៀង

ភ្នំពេញថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ អំពីស្ថានការណ៍ជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយបានលើកឡើងពីសកម្មភាពមួយចំនួនដែលកម្ពុជាយល់ថា មិនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅវេលាម៉ោង១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដំណើរចុះពិនិត្យទីតាំងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញអំពីស្ថានការណ៍ព្រំដែន និងបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះបទឈប់បាញ់ និងសេចក្តីប្រកាសរួម ដោយសង្កត់ធ្ងន់លើការអនុវត្តដោយស្មោះត្រង់ និងមានការទទួលខុសត្រូវ។
តាមសេចក្តីប្រកាសដដែល កម្ពុជាក៏បានលើកឡើងពីបញ្ហាប្រឈម និងក្តីបារម្ភពាក់ព័ន្ធនឹងសកម្មភាពដែលកំពុងបន្តកើតមាន និងត្រូវបានចាត់ទុកថា មិនស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹង និងការប៉ះពាល់ដល់ទំនុកចិត្តរវាងកម្ពុជា និងថៃ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា ដំណើរចុះពិនិត្យរបស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបង្ហាញពីការគាំទ្ររបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធ រួមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងស្ដារស្ថានការណ៍ឱ្យប្រសើរឡើង និងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ប្រភព៖ ក្រសួងការពារជាតិ
https://www.facebook.com/share/p/19kZAUbtkx/
រដ្ឋបាលខេត្តបន្ទាយមានជ័យ
https://www.facebook.com/share/p/1A18ZKfwsj/
រាយការណ៍ដោយ៖ The Khmer Today


