National
ពលរដ្ឋខ្មែរ៨នាក់ ត្រូវយោធាថៃចាប់ខ្លួន ក្រោយលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅថៃ

ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ពលរដ្ឋខ្មែរចំនួន៨នាក់ ក្នុងនោះមានបុរស៧នាក់ និងស្ត្រីម្នាក់ ត្រូវបានកម្លាំងយោធាថៃចាប់ខ្លួននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេលួចឆ្លងដែនតាមច្រកធម្មជាតិចូលទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ។ ការចាប់ខ្លួននេះធ្វើឡើងនៅតំបន់ភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
តាមការសាកសួរបឋមរបស់សមត្ថកិច្ចថៃ ពលរដ្ឋខ្មែរទាំង៨នាក់ជាសាច់ញាតិដែលធ្វើដំណើរមកជាមួយគ្នា។ ពួកគេបានឱ្យដឹងថា ដោយសារគ្មានការងារធ្វើ និងជួបការលំបាកផ្នែកជីវភាព ពាក់ព័ន្ធនឹងការបិទច្រកព្រំដែន ទើបសម្រេចចិត្តធ្វើដំណើរតាមច្រកធម្មជាតិចូលខេត្តស្រះកែវ ដើម្បីស្វែងរកការងារស៊ីឈ្នួលទូទៅ។ ក្នុងប្រតិបត្តិការដូចគ្នានេះ កម្លាំងយោធាថៃក៏បានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ អាយុ២៦ឆ្នាំ ដែលអះអាងថា ធ្លាប់ធ្វើការឆ្លើយឆ្លងសារនៅគេហទំព័រល្បែងអនឡាញក្នុងក្រុងប៉ោយប៉ែត ហើយកំពុងវិលត្រឡប់ទៅប្រទេសថៃវិញ ក្រោយក្រុមមេជនជាតិចិនបិទអាជីវកម្ម និងផ្លាស់ទីទៅប្រទេសឡាវ។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចថៃបានពន្យល់អំពីបទប្បញ្ញត្តិច្បាប់ និងបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំង៩នាក់ រួមមានពលរដ្ឋខ្មែរ៨នាក់ និងជនជាតិថៃម្នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលខ្លងលឹក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ របាយការណ៍របស់សមត្ថកិច្ចថៃមិនបានបញ្ជាក់ពីអត្តសញ្ញាណពលរដ្ឋខ្មែរទាំង៨នាក់ ឬពេលវេលាដែលពួកគេអាចត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនោះទេ។
ប្រភព៖ Sakaeo News
https://www.facebook.com/share/p/1c5K2G9h8f/
រាយការណ៍ដោយ៖ The Khmer Today


