International
ប៉ូលិសថៃបំបែកសំបុកឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ១៤នាក់ និងរឹបអូសឧបករណ៍ជាង២០០មុខនៅបាងកក

ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ ប៉ូលិសអន្តោប្រវេសន៍ថៃបានបង្ក្រាបបណ្តាញឆបោកអនឡាញ និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត នៅផ្ទះប្រណីតចំនួន៣កន្លែង ក្នុងសង្កាត់សៃម៉ៃ ក្រុងបាងកក ដោយឃាត់ខ្លួនជនសង្ស័យ១៤នាក់ ក្នុងនោះមានជនជាតិចិន១០នាក់ ថៃ៣នាក់ និងមីយ៉ាន់ម៉ាម្នាក់ ព្រមទាំងរឹបអូសឧបករណ៍ជាង២០០មុខ និងសាច់ប្រាក់មួយចំនួនទៀត។ ទីតាំងទាំងនេះមានតម្លៃសរុបជាង៤០លានបាត ខណៈការខូចខាតពីសកម្មភាពឆបោកអាចលើសពី១០០លានបាត។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបុរសជនជាតិចិនអាយុ២៥ឆ្នាំម្នាក់បានរត់គេចពីទីតាំងសម្ងាត់ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច។ បុរសរូបនេះអះអាងថា រូបគេត្រូវបានបញ្ឆោតឱ្យមកធ្វើការនៅថៃ ដោយសន្យាផ្តល់ប្រាក់ខែរហូតដល់៨ម៉ឺនបាតក្នុងមួយខែ ប៉ុន្តែត្រូវបានបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមអនឡាញ និងធ្វើការរហូតដល់១២ម៉ោងក្នុងមួយថ្ងៃ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
តាមការអះអាងរបស់ជនរងគ្រោះ អ្នកគ្រប់គ្រងបណ្តាញនេះធ្លាប់ពិភាក្សាអំពីគម្រោងផ្លាស់ប្តូរទីតាំងប្រតិបត្តិការទៅប្រទេសកម្ពុជា ដោយសារអាជ្ញាធរថៃបង្កើនការបង្ក្រាប។ ចំណែកការពិនិត្យឧបករណ៍អេឡិចត្រូនិកបានរកឃើញតម្រុយភ្ជាប់ទៅនឹងបណ្តាញល្បែងអនឡាញរបស់ចិនឈ្មោះ «HGA» ឬ «Hongguan» និងព័ត៌មានដែលអាចពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ។
អាជ្ញាធរថៃកំពុងបន្តស៊ើបអង្កេតលើទិន្នន័យឧបករណ៍អេឡិចត្រូនិក គណនី និងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីកំណត់តួនាទីរបស់ជនសង្ស័យ និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។ ការស៊ើបអង្កេតបឋមក៏បានរកឃើញជនសង្ស័យសំខាន់ពីរនាក់ ដែលម្នាក់មានព័ត៌មានអំពីដីកាចាប់ខ្លួននៅប្រទេសចិនពាក់ព័ន្ធនឹងល្បែងអនឡាញ និងម្នាក់ទៀតជាប់ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននៅថៃ ព្រមទាំងត្រូវបានសង្ស័យថាស្នាក់នៅលើសទិដ្ឋាការជាង១.២០០ថ្ងៃ។
ប្រភព៖ Immigration Bureau
https://www.facebook.com/share/p/1BK7PJbzw4/
The Nation Thailand
https://www.nationthailand.com/news/general/40072625
រាយការណ៍ដោយ៖ The Khmer Today


