National
គ្រោះរញ្ជួយដីកម្រិត៧រ៉ិចទ័រវាយប្រហារទីបេ សម្លាប់មនុស្ស១៦នាក់ និងបំផ្លាញផ្ទះជាង៣០០ខ្នង

ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ មនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ និង៤៦នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ ភាគខាងជើងប្រទេសចិន នៅវេលាម៉ោង១០:៣៣នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) គ្រោះមហន្តរាយនេះបានបណ្តាលឱ្យផ្ទះយ៉ាងហោចណាស់៣៣៩ខ្នង និងរោងដាក់សត្វចិញ្ចឹម២០កន្លែងដួលរលំ។ តាមសារព័ត៌មានក្នុងស្រុកចិន បានឱ្យដឹងថាក្នុងចំណោមអ្នករងរបួស មាន១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អាជ្ញាធរចិនបានចល័តកម្លាំងជួយសង្គ្រោះក្នុងតំបន់ជាង១.៦០០នាក់ ដើម្បីស្វែងរកអ្នកជាប់ក្នុងអគារបាក់បែក និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ សម្ភារសង្គ្រោះ រួមមានផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន១.០០០ខ្នង តង់ប្រមាណ៣.០០០ គ្រែ និងសម្លៀកបំពាក់រដូវរងា ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ។ យោងតាមសារព័ត៌មាន AP គ្រោះរញ្ជួយដីក៏បានបង្កឱ្យមានការបាក់ថ្មលើផ្លូវធំមួយ បង្ខំឱ្យអាជ្ញាធរបិទផ្លូវ និងផ្អាកសេវារថភ្លើងជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យសុវត្ថិភាព។
ស្ថានភាពជួយសង្គ្រោះអាចជួបការលំបាកបន្ថែម ដោយសារប្រព័ន្ធទំនាក់ទំនងនៅតំបន់មួយចំនួនត្រូវបានរំខាន ហើយការព្យាករណ៍អាកាសធាតុអាចមានព្រិលធ្លាក់ក្នុងរយៈពេលបីថ្ងៃបន្ទាប់។ សារព័ត៌មានរដ្ឋចិន CCTV បានរាយការណ៍ថា នេះជាគ្រោះរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារតំបន់ណាគូក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ អាជ្ញាធរបានបញ្ជាក់បន្ថែមថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ខណៈពេលនេះក្រុមសង្គ្រោះបន្តស្វែងរកអ្នករងគ្រោះ និងវាយតម្លៃនៃការខូចខាតរបស់គ្រោះរញ្ជួយដីនេះ។
ប្រភព៖ សារព័ត៌មាន RT-English News
https://rt-english.com/news/647549-earthquake-china-houses-collapse/
APNEWS
https://apnews.com/article/china-earthquake-tibet-be27a2db79ada1c6309914d173b983a8
ប្រភព៖ Citynews
English news
https://english.news.cn/20261023/bf9f5ae0b98b4f27b620418bb98f3cb7/c.html
រាយការណ៍ដោយ៖ The Khmer Today


