International

April 6, 2026 at 10:57 AM
Melea_Sovannary

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលិតផលខ្មែរមានសក្តានុពលខ្ពស់លើទីផ្សារ និងឆ្លុះបញ្ចាំងពីមោទនភាពជាតិដ៏រឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលិតផលខ្មែរមានសក្តានុពលខ្ពស់លើទីផ្សារ និងឆ្លុះបញ្ចាំងពីមោទនភាពជាតិដ៏រឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលិតផលខ្មែរមានសក្តានុពលខ្ពស់លើទីផ្សារ និងឆ្លុះបញ្ចាំងពីមោទនភាពជាតិដ៏រឹងមាំ

[ភ្នំពេញ]៖ ក្នុងស្មារតីជំរុញសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ស្នាដៃកូនខ្មែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នាពេលបច្ចុប្បន្ន ផលិតផលក្នុងស្រុកបាននិងកំពុងវិវត្តខ្លួនទៅជាទំនិញដែលមានសក្តានុពលខ្ពស់បំផុត ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស។

យោងតាមសារលិខិតអបអរសាទរក្នុងឱកាស «ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា» លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតីបានគូសរំលេចនូវការរីកចម្រើននៃវិស័យផលិតកម្មក្នុងស្រុក ដែលបានប្រែក្លាយវត្ថុធាតុដើមនៅតាមមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុអនុស្សាវរីយ៍ប្រកបដោយភាពច្នៃប្រឌិត។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផលិតផលក្នុងស្រុកមិនត្រឹមតែមានគុណភាពល្អ តម្លៃសមរម្យ និងមានបរិមាណផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែផលិតផលទាំងនោះគឺជា «កញ្ចក់» ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជាតិ វប្បធម៌ និងការរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ សកម្មភាពផលិតកម្មទាំងនេះ បានបង្ហាញពីសមត្ថភាព និងចំណេះដឹងពិតប្រាកដរបស់ពលរដ្ឋខ្មែរ ក្នុងការបង្កើតតម្លៃបន្ថែមដល់ធនធានធម្មជាតិដែលមានស្រាប់។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីមោទនៈនូវការប្រែប្រួលជាវិជ្ជមាននៃឥរិយាបថរបស់សាធារណជនថា៖ «យើងឃើញថាផលិតផលក្នុងស្រុក បានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់»។

សម្តេចបានបន្ថែមថា ការងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសឱ្យផលិតផលនាំចូលពីបរទេស គឺជាសកម្មភាពស្នេហាជាតិដ៏សំខាន់ ដែលមិនត្រឹមតែជួយទ្រទ្រង់ដល់ផលិតករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការលើកកម្ពស់មោទនភាពជាតិ និងជំរុញឱ្យសេដ្ឋកិច្ចជាតិទាំងមូលមានភាពរីកចម្រើន និងរឹងមាំ។

ក្នុងទស្សនវិស័យរយៈពេលវែង ដើម្បីបន្តចលនានេះឱ្យកាន់តែមានវិសាលភាពទូលំទូលាយ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យបន្តរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា ជារៀងរាល់ឆ្នាំ។ យន្តការនេះធ្វើឡើងក្នុងគោលបំណងបង្កើតវេទិកាផ្សព្វផ្សាយ ពង្រឹងទីផ្សារ និងលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុក ឱ្យបន្តបង្កើនគុណភាពផលិតកម្ម ដើម្បីប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ គឺជាការរំលឹក និងដាស់តឿនស្មារតីដល់ពលរដ្ឋខ្មែរគ្រប់រូប ឱ្យរួមគ្នាកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំតាមរយៈការគាំទ្រនូវអ្វីដែលជាស្នាដៃរបស់កូនខ្មែរផ្ទាល់៕

ប្រភពី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត

https://www.facebook.com/share/p/19NNxN9HZM/

ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/190247?fbclid=IwY2xjawQ__hRleHRuA2FlbQIxMQBzcnRjBmFwcF9pZBAyMjIwMzkxNzg4MjAwODkyAAEeNeoa54-Zm2epgvudLzQSup_0jsFyCnGa6gTJUy1ZY2ZSzevc8XRXTX7_Gic_aem_mnl6y3qaLrLCGnYRapwygA

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0190
Images-Content-0190
End image 1
End image 2
End image 3