National
សាលារដ្ឋ និងឯកជនទាំងអស់នៅភ្នំពេញ នឹងត្រូវផ្អាកការសិក្សារយៈពេល២ថ្ងៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកដំណើរការសិក្សារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជៀសវាងការរំខានដល់ការសិក្សា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ការផ្អាកនេះមានគោលបំណងជៀសវាងផលប៉ះពាល់ពីការកកស្ទះចរាចរណ៍ ដែលអាចកើតមានក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងនាំមកជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិក ដើម្បីពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗក្នុងពិភពលោក រួមមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅពីការពិភាក្សាលើបញ្ហាអន្តរជាតិ កិច្ចប្រជុំនេះក៏ជាឱកាសសម្រាប់កម្ពុជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងកម្មវិធីផ្លាស់ប្តូរវប្បធម៌មួយចំនួនទៀត៕
ប្រភព៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ
https://www.facebook.com/share/p/1Z8JBujNt1/
រាយការណ៍ដោយ៖ The Khmer Today
