National
រដ្ឋបាលខេត្តសៀមរាបត្រៀមកម្មវិធីកម្សាន្ត និងប្រណាំងទូករយៈពេល៥ថ្ងៃ ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៦

ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រៀមរៀបចំកម្មវិធីកម្សាន្តជាច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត កម្មវិធីដែលគ្រោងរៀបចំមានដូចជា ការជិះទូកកម្សាន្ត ការប្រណាំងទូកង ទូកនាគ និងទូកផ្កាចារ ការប្រគុំតន្ត្រីស្គរដៃ ស្តង់ពិព័រណ៍ ការប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តជាច្រើនទៀត ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកចូលរួម។
ដោយឡែក ការប្រណាំងទូកនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយដងស្ទឹងសៀមរាប។ ព្រឹត្តិការណ៍នេះនឹងក្លាយជាផ្នែកមួយនៃសកម្មភាពកម្សាន្តក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្ត។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងជំរុញកំណើនវិស័យទេសចរណ៍ និងចូលរួមស្ដារ ព្រមទាំងលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈការគាំទ្រផលិតផលខ្មែរដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីជាតិ និងរួមចំណែកលើកកម្ពស់សក្ដានុពលទេសចរណ៍របស់ខេត្តសៀមរាប៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
https://www.facebook.com/share/p/1F2Jcswxam/
រាយការណ៍ដោយ៖ The Khmer Today



