Culture

April 7, 2026 at 12:32 PM
No Name

កូនចាបមាសនាំយកភាពកក់ក្ដៅ និងស្នាមញញឹមជូនចាស់ព្រឹទ្ធាចារ្យក្នុងស្រុកកំណើតមុនឱកាសឆ្នាំថ្មីមកដល់

កូនចាបមាសនាំយកភាពកក់ក្ដៅ និងស្នាមញញឹមជូនចាស់ព្រឹទ្ធាចារ្យក្នុងស្រុកកំណើតមុនឱកាសឆ្នាំថ្មីមកដល់

(ពោធិ៍សាត់)៖ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះអ្នកមានគុណ ក៏ដូចជាការលើកកម្ពស់វប្បធម៌ចែករំលែក កូនចាបមាស រួមជាមួយក្រុមការងារ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងមហោឡារិក និងពោរពេញដោយក្ដីស្រឡាញ់ ជូនដល់លោកយាយ លោកតា និងចាស់ព្រឹទ្ធាចារ្យ នៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្មារតីស្រឡាញ់វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនត្រឹមតែជាពេលវេលានៃការផ្លាស់ប្តូរឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឱកាសដ៏ពិសិដ្ឋសម្រាប់កូនខ្មែរគ្រប់រូប បង្ហាញពីសេចក្ដីស្រឡាញ់ចំពោះមាតុភូមិ និងការរក្សានូវទំនៀមទម្លាប់ដ៏ល្អផូរផង់។ ក្នុងស្មារតីនេះ កូនចាបមាស តែងតែផ្ដល់តម្លៃខ្ពស់ដល់ការជួបជុំ បង្កើតនូវសេចក្ដីសុខជូនមនុស្សជុំវិញខ្លួន និងការលើកតម្កើងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំកម្មវិធីដែលស្ដែងចេញពីទឹកចិត្តខ្មែរពិតៗ។

សកម្មភាពសប្បាយរីករាយ និងការចែកទាននៅស្រុកក្រគរ

កម្មវិធីដ៏មានអត្ថន័យនេះ បានប្រារព្ធឡើងនៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២៦ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ បរិយាកាសនៅក្នុងពិធីទាំងមូល បានញ៉ាំងឱ្យកាន់តែមានភាពអធិកអធមតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ បង្កជាសម្លេងសើចកក្អាយពេញភូមិដ្ឋាន។ អ្វីដែលកាន់តែពិសេសនោះ គឺការរាំលេងកម្សាន្តតាមចង្វាក់ស្គរដៃខ្មែរ ដែលបានធ្វើឱ្យលោកយាយ លោកតា និងអ្នកភូមិ រំលឹកដល់អនុស្សាវរីយ៍ចាស់ៗ និងមានភាពសប្បាយរីករាយជាពន់ពេក។

បន្ទាប់ពីការលេងកម្សាន្ត កូនចាបមាស និងក្រុមការងារ ក៏បានរៀបចំការចែកទានជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់លោកយាយ លោកតា និងបងប្អូនជនក្រីក្រដែលកំពុងជួបការលំបាក ដើម្បីជួយសម្រាលបន្ទុក និងផ្ដល់ជាកម្លាំងចិត្តដល់ពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

មនោសញ្ចេតនា និងការរំលឹកគុណចំពោះចាស់ព្រឹទ្ធាចារ្យ

ក្នុងឱកាសនោះដែរ កូនចាបមាស បានផ្ញើសារដ៏មានអត្ថន័យដាស់តឿនដល់យុវជនជំនាន់ក្រោយថា៖ “កាលយើងសម្លឹងមើលមនុស្សចាស់ យើងច្រើនតែមើលឃើញត្រឹមសក់ស្កូវ ស្នាមជ្រួញលើផ្ទៃមុខ និងដំណើរកោងយឺតៗក្នុងគ្រាជរា។ ប៉ុន្តែនៅពីក្រោយសក់ស្កូវ ខ្នងកោង ធ្មេញបាក់ និងស្នាមជ្រីវជ្រួញទាំងនោះ គឺមាន ផែនទីជីវិត ដែលពួកគាត់បានឆ្លងកាត់យ៉ាងជោគជាំ។ ពួកគាត់ពិតជាប្រៀបបានទៅនឹងសៀវភៅកំណត់ហេតុដែលកត់ត្រានូវរាល់ការតស៊ូ ការលំបាក ភាពហត់នឿយ ទឹកភ្នែក ស្នាមញញឹម និងការលះបង់រាប់មិនអស់ដើម្បីកូនចៅ និងសង្គមជាតិ។

ពេលវេលារបស់ពួកគាត់កំពុងដើរលឿនជាងយើង។ អ្វីដែលពួកគាត់ត្រូវការបំផុតនៅពេលនេះ មិនមែនជាទ្រព្យសម្បត្តិមហាសាល ឬផ្ទះវីឡាស្កឹមស្កៃឡើយ ប៉ុន្តែគឺ “ពេលវេលាតិចតួច” របស់យើងម្នាក់ៗ ដែលអាចធ្វើឱ្យពួកគាត់មានស្នាមញញឹម ទទួលបានក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងអារម្មណ៍ថាពួកគាត់មិនត្រូវបានគេបោះបង់ចោល។

ជាចុងក្រោយ កូនចាបមាស ក៏បានអំពាវនាវដល់បងប្អូនកូនខ្មែរទាំងអស់ សូមចំណាយពេលជាមួយពួកគាត់ឱ្យបានច្រើន ផ្ដល់ភាពកក់ក្ដៅ ស្ដាប់ពួកគាត់និយាយ និងបង្ហាញការដឹងគុណឱ្យបានអស់ពីចិត្ត ទាន់ពេលដែលពួកគាត់នៅអាចស្ដាប់ឮ និងអាចទទួលដឹងពីក្ដីស្រឡាញ់របស់យើងនៅឡើយ៕

រាយការណ៍ដោយ៖ ក្រុមការងារព័ត៌មាន KTN News

Images-Content-0194
Images-Content-0194
End image 1
End image 2