National

November 4, 2026 at 1:32 PM
Melea_Sovannary

ប្រវត្តិសាស្ត្រ ១៥ ឆ្នាំនៃមហោស្រព CSFF គឹម សោភា ក្លាយជាសមិទ្ធិករនារីដំបូងគេដែលឈ្នះពាន «ភាពយន្តខ្លីកម្ពុជាល្អបំផុត»

ប្រវត្តិសាស្ត្រ ១៥ ឆ្នាំនៃមហោស្រព CSFF គឹម សោភា ក្លាយជាសមិទ្ធិករនារីដំបូងគេដែលឈ្នះពាន «ភាពយន្តខ្លីកម្ពុជាល្អបំផុត»

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ឆ្នាំ២០២៦ បានកត់ត្រានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ឧស្សាហកម្មភាពយន្តកម្ពុជា បន្ទាប់ពីការប្រកាសជ័យលាភីផ្លូវការបានស្វែងរកឃើញសមិទ្ធិករនារីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់កំពូលប្រចាំមហោស្រព។

មហោស្រពដែលបានដំណើរការអស់រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រឿងរ៉ាវក្នុងខ្លួន និងជុំវិញខ្លួន» បានសម្រេចប្រគល់ពានរង្វាន់ «ភាពយន្តខ្លីកម្ពុជាល្អបំផុត» ជូនដល់ស្នាដៃរឿង «សំនៀងផ្កាលើវាលខ្សាច់» របស់ លោកស្រី គឹម សោភា។ ជ័យលាភីនេះបានធ្វើឱ្យលោកស្រីក្លាយជាផលិតករភាពយន្តស្ត្រីកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្ត្រនៃមហោស្រព CSFF ដែលទទួលបានពានរង្វាន់កិត្តិយសមួយនេះ។

រៀបរាប់ដោយក្តីរំភើប លោកស្រី គឹម សោភា បានបញ្ជាក់ថា លោកស្រីមិនបានរំពឹងថានឹងទទួលបានពានរង្វាន់នេះទេ ដោយសារស្នាដៃផ្តាច់ព្រ័ត្រផ្សេងទៀតសុទ្ធសឹងតែមានគុណភាពខ្ពស់។ លោកស្រីបានបន្ថែមថា «ការទទួលស្គាល់ពីមហោស្រព និងគណៈមេប្រយោគ ពិតជាផ្តល់តម្លៃយ៉ាងធំធេងដល់ក្រុមការងាររបស់នាងខ្ញុំ ជាពិសេសអ្នកចម្រៀងបទតែងដើម និងសិល្បការនីគំនូរលើផ្ទាំងរូបតួម្តាយក្នុងរឿង។ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ ពិសេសយុវនារី ឱ្យចាប់យកឱកាសរៀនសូត្រ និងផលិតស្នាដៃសិល្បៈភាពយន្ត ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រទេសជាតិទៅកាន់ពិភពលោក»។

នៅក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការឆ្លុះបញ្ចាំងវប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងជាវេទិកាតំណាងប្រទេសនៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ គោលការណ៍លើកលែងពន្ធសម្រាប់ការចុះមកថតភាពយន្តនៅកម្ពុជា ទេសចរណ៍បែបភាពយន្ត ដើម្បីទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរបទពិសោធន៍ជាមួយសមិទ្ធិករអន្តរជាតិ និងផ្សព្វផ្សាយតំបន់ទេសចរណ៍ខ្មែរទៅកាន់ពិភពលោក។

មហោស្រព CSFF លើកទី១៥ ត្រូវបានរៀបចំឡើងដោយ «ក្រុមភាពយន្តឈូករ័ត្ន» ក្រោមការដឹកនាំរបស់ លោក ស៊ុ ស៊ីថែន ស្ថាបនិក និងជាប្រធានមហោស្រព ដោយមានការឧបត្ថម្ភគាំទ្រពី លោក ស្កុត នីសុន (Scott Neeson) ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (CCF)។ មហោស្រពឆ្នាំនេះបានដាក់បង្ហាញភាពយន្តខ្លីសរុបចំនួន ៩០ រឿង មកពី ៣៣ ប្រទេស (ក្នុងនោះមានភាពយន្តភាសាខ្មែរ ៤០ រឿង) ដោយទាក់ទាញអ្នកចូលរួមផ្ទាល់ប្រមាណ ១.០០០ នាក់ និងមានអ្នកទស្សនាតាមអនឡាញរហូតដល់ ១.០០០.០០០ នាក់ (១ លាននាក់)។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chaktomuk Short Film Festival និង Camera Hut
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chaktomuk Short Film Festival និង Camera Hut

សមិទ្ធិករ និងភាពយន្តជ័យលាភីទាំង ១០ ស្នាដៃ រួមមាន៖

• ពានរង្វាន់ក្នុងស្រុក (National Awards)៖

១. រឿង «សំនៀងផ្កាលើវាលខ្សាច់» ដោយសមិទ្ធិករ គឹម សោភា ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបំផុត

២. រឿង «ឆ្មាំខ្មោច» ដោយសមិទ្ធិករ JACK WACHTEL ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបន្ទាប់

៣. រឿង «Incident in the Mountain» ដោយសមិទ្ធិករ សេង សាវុន្ថរ៉ា ជាប់ចំណារមេប្រយោគសម្រាប់ភាពយន្តខ្លីកម្ពុជា

៤. រឿង «The Sream» ដោយសមិទ្ធិករ និត ពិសី ជាប់ជាជម្រើសទស្សិកជនសម្រាប់ ភាពយន្តខ្លីកម្ពុជា

៥. រឿង «លិខិតពីអតីតកាល» ដោយសមិទ្ធិករ សៀង វួចលីន និង ឃាង ធីណាសានីម ជាប់ជាភាពយន្តខ្លីរបស់និស្សិតកម្ពុជាល្អបំផុត

៦. រឿង «មេឃលា» ដោយសមិទ្ធិករ យូ សុវណ្ណារិទ្ធ ជាប់ជាជម្រើសទស្សិកជនសម្រាប់ភាពយន្តខ្លីរបស់និស្សិតកម្ពុជា

• ពានរង្វាន់អន្តរជាតិ (International Awards)៖

៧. រឿង «AGAPITO» ដោយសមិទ្ធិករ ARVIN BELARMINO & KYLA ROMEO ជាប់ជាភាពយន្តខ្លីអន្តរជាតិល្អបំផុត

៨. រឿង «The PROFESSIONA PARENT» ដោយសមិទ្ធិករ ERIK JASAN ជាប់ជាចំណារមេប្រយោគសម្រាប់ភាពយន្តអន្តរជាតិកម្ពុជា

៩​. រឿង «Brain Space» ដោយសមិទ្ធិករ LAURA TOFARIDES ជាប់ជាជម្រើសទស្សិកជនសម្រាប់ភាពយន្តខ្លីអន្តរជាតិ

១០. រឿង «WASSUPKAYLEE» ដោយសមិទ្ធិករ PEPI GINSBERG ជាប់ជាទេពកោសល្យអន្តរជាតុឆ្នើម៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Today

photo_2026-11-04_13-31-09
photo_2026-11-04_13-31-09
photo_2026-11-04_13-31-03
photo_2026-11-04_13-31-03
photo_2026-11-04_13-31-00
photo_2026-11-04_13-31-00