National

November 4, 2026 at 3:38 PM
Melea_Sovannary

នាវា Villa Vie Odyssey ចាកចេញពីដែនទឹកកម្ពុជាហើយ ក្រោយចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេលប្រមាណ ១០ថ្ងៃ

នាវា Villa Vie Odyssey ចាកចេញពីដែនទឹកកម្ពុជាហើយ ក្រោយចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេលប្រមាណ ១០ថ្ងៃ

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ បន្ទាប់ពីទទួលបានការសម្របសម្រួលផ្នែកបច្ចេកទេស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរកម្ពុជា នាវាទេសចរណ៍ខ្នាតយក្ស Villa Vie Odyssey បានធ្វើដំណើរចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព និងភាពរលូន កាលពីអធ្រាត្រថ្ងៃទី០៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

យោងតាមការបញ្ជាក់ផ្លូវការពីក្រសួងទេសចរណ៍ ការសម្របសម្រួលនេះត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត តាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានកិច្ចសហការអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមមាន រដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងព័ត៌មាន ក្រសួងកសិកម្ម អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងភាគីឯកជន។

ក្រុមការងារចម្រុះបានផ្តល់ទិដ្ឋាការទេសចរណ៍ (Type T) ការសម្រួលកន្លែងស្នាក់នៅ មគ្គុទ្ទេសក៍ទេសចរណ៍ និងសេវាចាំបាច់ផ្សេងៗ ជូនភ្ញៀវទេសចរអន្តរជាតិចំនួន ២០០នាក់ (ស្រី ១១៦នាក់) មកពី ១៥សញ្ជាតិ។ ការយកចិត្តទុកដាក់នេះ បានធ្វើឱ្យភ្ញៀវទេសចរ និងនាវិកសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់កម្ពុជា។ ថ្វីបើនាវាបានចាកចេញ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិមួយចំនួននៃនាវានេះ បានសម្រេចចិត្តបន្តធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប។

ក្រសួងទេសចរណ៍បានរំលេចថា ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។ សកម្មភាពនេះក៏ជាការបន្តរក្សានូវកេរតំណែលមនុស្សធម៌ ដូចដែលកម្ពុជាធ្លាប់បានស្តែងឡើងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទទួលនាវា Westerdam រហូតទទួលបានការប្រសិទ្ធនាមពីអន្តរជាតិថា «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ» (A Small Country with a Big Heart)។

ផ្អែកលើទិន្នន័យពីសារព័ត៌មានអន្តរជាតិ CBS News នាវា Villa Vie Odyssey (MV Odyssey) បានជួបប្រទះវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរប្រមាណ ៣ខែ មុនពេលមកដល់កម្ពុជា ហើយត្រូវបានបង្ខំចិត្តផ្អាកដំណើរកម្សាន្តជុំវិញពិភពលោកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសារបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ។

បច្ចុប្បន្ន ស្ថាប័នផ្តល់កម្ចី (Lender) ឬម្ចាស់បំណុល បានចូលគ្រប់គ្រងនាវានេះជាផ្លូវការ និងតម្រូវឱ្យអ្នកដំណើរប្រមូលអីវ៉ាន់ផ្ទាល់ខ្លួនចេញពីលើកប៉ាល់ ខណៈនាវាត្រូវដឹកនាំឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីរៀបចំការដាក់ដេញថ្លៃ (Auction)។

ទោះជាយ៉ាងណា លោក Mike Petterson ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Villa Vie បានប្រាប់ CBS News ថា ក្រុមហ៊ុនកំពុងខិតខំរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងរយៈពេលពី ៣០ ទៅ ៩០ថ្ងៃ ដើម្បីស្វែងរកវិនិយោគិន ឬដើមទុនបន្ថែម សំដៅទាញយកនាវានេះត្រឡប់មកវិញ ស្របពេលដែលដំណើរការផ្លូវច្បាប់នៃការដាក់ពាក្យសុំក្ស័យធន (Chapter 11 Bankruptcy) អាចនឹងត្រូវចំណាយប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់រយៈពេល ៦០ ថ្ងៃដំបូង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Today

_____________________________________________________________________________

រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourismរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourismរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism