National

November 4, 2026 at 3:41 PM
Melea_Sovannary

ភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ត្រៀមចាក់បញ្ចាំងថ្ងៃទី៦ ខែវិច្ឆិកា ស្របពេលអ្នកដឹកនាំរឿងទម្លាយសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ

ភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ត្រៀមចាក់បញ្ចាំងថ្ងៃទី៦ ខែវិច្ឆិកា ស្របពេលអ្នកដឹកនាំរឿងទម្លាយសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ តាមគម្រោងដែលបានប្រកាស ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំរឿង «សោកនាដកម្មភ្នំខ្មោច» (Blood Border, Cambodia's Second Killing Fields) នឹងត្រូវចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ស្របពេលដែលថ្ងៃកំណត់កាន់តែខិតជិតមកដល់ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment និងជាអ្នកដឹកនាំរឿង បែរជាបានទម្លាយនូវសារស្តែងពីសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរក្នុងអាជីពជាអ្នកដឹកនាំរឿងទៅវិញ។

ផ្អែកតាមសំណេររៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លៀក លីដា បានលើកឡើងថា ទោះបីជាកន្លងមកមហាជនតែងតែសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះការផលិតរឿង «សោកនាដកម្មភ្នំខ្មោច» យ៉ាងណាក៏ដោយ ប៉ុន្តែបច្ចុប្បន្នភាពយន្តប្រវត្តិសាស្ត្រមួយនេះបានប្រែជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យរូបលោកមានអារម្មណ៍អស់កម្លាំង ស្ទើរតែមិនអាចបន្តដំណើរទៅមុខទៀតបានក្នុងអាជីពជាអ្នកដឹកនាំរឿង។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Leak Ly Da
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Leak Ly Da

ផលិតកររូបនេះ ក៏បានអះអាងពីជំហរម៉ឺងម៉ាត់ក្នុងនាមជាអ្នកផលិតភាពយន្តដែលតែងតែគោរពច្បាប់ និងការណែនាំជានិច្ច។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការយោគយល់របស់មហាជនចំពោះផលិតកម្ម LD ព្រមទាំងរំពឹងថាទស្សនិកជននឹងនៅតែបន្តឈរខាងលោកគ្រប់កាលៈទេសៈ។

គួររំលឹកថា ភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ត្រូវ បានបង្កើតឡើងដោយផ្អែកលើការដកស្រង់ចេញពីសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមផ្សំជាមួយបទសម្ភាសន៍ និងសាច់រឿងពិតរបស់ជនភៀសខ្លួនខ្មែរក្នុងឆ្នាំ១៩៧៩។

មុនពេលប្រឈមមុខនឹងសម្ពាធនេះ លោក លៀក លីដា បានខិតខំប្រឹងប្រែងអំពាវនាវឱ្យសាធារណជនចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើមឡើយដើម្បីបង្កើតចំនួនទស្សនា (Metrics/Views) តាមលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុន Netflix ក្នុងការនាំយករឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរមួយនេះឱ្យក្លាយជា មាតិការកម្រិតពិភពលោក (Worldwide Content)។ លើសពីនេះ លោកបានបញ្ជាក់ជំហរច្បាស់ៗថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញឯកសារស្រាវជ្រាវ ដោយអះអាងថាការផលិតរឿងនេះគឺដើម្បីបង្ហាញការពិតប្រវត្តិសាស្ត្រ និងគ្មានចេតនាញុះញង់ឡើយ។

បច្ចុប្បន្ន សារទម្លាយអារម្មណ៍របស់អ្នកដឹកនាំរឿងរូបនេះ បាននិងកំពុងបង្កើតឱ្យមានការព្រួយបារម្ភ និងចលនាផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យភាពយន្តខ្មែរ ដោយពួកគេបានផ្ញើសារលើកទឹកចិត្តឱ្យលោក លៀក លីដា និងក្រុមការងារ LD Entertainment រក្សាភាពរឹងមាំ ដើម្បីទន្ទឹងរង់ចាំថ្ងៃចាក់បញ្ចាំងផ្លូវការនាពេលខាងមុខ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Today