National

November 5, 2026 at 10:35 AM
Melea_Sovannary

កម្ពុជា ចាប់ផ្តើមជំពូកថ្មី «មេគង្គ-ឡានឆាង ២.០» ជំរុញពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម

កម្ពុជា ចាប់ផ្តើមជំពូកថ្មី «មេគង្គ-ឡានឆាង ២.០» ជំរុញពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្នុងបេសកកម្មការទូតដ៏សំខាន់នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (LMC) លើកទី១១ ព្រមទាំងបានជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយប្រមុខទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ដែលរៀបចំឡើងក្រោមប្រធានបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងទសវត្សរ៍កន្លងមក ក្នុងការលើកកម្ពស់សមាហរណកម្ម និងកំណើនសេដ្ឋកិច្ចអនុតំបន់។

ឆ្លងចូលដំណាក់កាលថ្មីនេះ កម្ពុជាបានរំលេចនូវទិសដៅអាទិភាពចម្បងៗដើម្បីផលប្រយោជន៍ប្រជាជន រួមមាន៖ ការថែរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របតាមផែនការសកម្មភាព ៥ឆ្នាំ (២០២៣-២០២៧)។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសវៀតណាម ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់កម្ពុជា ដែលស្តែងឱ្យឃើញពី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ទន្ទឹមនឹងនេះ ប្រមុខការទូតទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាចុងខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ខណៈឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនភាគីវៀតណាមអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ផងដែរ។

នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងអំឡុងពេលយាងពិនិត្យព្រះរាជសុខភាព។

ប្រមុខការទូតទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីចិនដែលបានជួយសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី ព្រមទាំងបានសង្កត់ធ្ងន់លើជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាថា សន្តិភាពប្រកបដោយចីរភាពត្រូវតែផ្អែកលើច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីឡើយ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Today

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation