National
កម្ពុជា-ចិន បង្កើតវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនៈអភិបាលកិច្ចសកលប្រទេសចិន ជុំវិញការដឹកនាំ និងការអភិវឌ្ឍជាសកល

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើមី្បពង្រឹងការយល់ដឹងអំពីទស្សនវិស័យដឹកនាំ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងអភិបាលកិច្ចរដ្ឋ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមមិត្តភាពកម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០» កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
អង្គពិធីទាំងមូលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការចូលរួមពី លោក Feng Hui អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន, ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល, លោកបណ្ឌិត កៅ មុយថង, លោកបណ្ឌិត នាក់ ចន្តារិទ្ធិ, លោកបណ្ឌិត ជា មុនីឫទ្ធិ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណជិត ១០០ នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល បានគូសបញ្ជាក់ថា គំនិតដឹកនាំរបស់លោក ស៊ី ជីនភីង តាមរយៈសៀវភៅ «អភិបាលកិច្ចប្រទេសចិន» គឺជាទ្រឹស្ដីស្នូលដែលមិនអាចរំលងបាន ក្នុងការរៀបចំផែនការអនាគត និងការត្រៀមខ្លួនចំពោះការផ្លាស់ប្តូរនៃស្ថានការណ៍តំបន់ និងពិភពលោក ដោយឈរលើមូលដ្ឋាននៃការភ្ជាប់ការដឹកនាំដ៏តឹងរឹងរបស់បក្សទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។
ឆ្លើយតបនឹងសំណួរថា «ហេតុអ្វីចិនអាចរក្សាស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង?» លោក Feng Hui បានពន្យល់ថា កត្តាសំខាន់គឺអាស្រ័យលើចម្លើយពីរ គឺ «ការអនុញ្ញាតឱ្យប្រជាជនត្រួតពិនិត្យរដ្ឋាភិបាល» និង «ការធ្វើបដិវត្តន៍ខ្លួនឯង» ដើម្បីចាកចេញពីវដ្តប្រវត្តិសាស្ត្រនៃការរីកចម្រើន និងការចុះខ្សោយ តាមរយៈការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយ។
លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានមានប្រសាសន៍ថា ការពង្រឹងអភិបាលកិច្ចបក្ស ការរឹតបន្តឹងវិន័យ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការធានាឱ្យសេចក្តីសម្រេចចិត្តរបស់បក្សត្រូវបានអនុវត្តជាក់ស្តែង បានក្លាយជាផ្នែកសំខាន់មួយនៃការពង្រឹងប្រព័ន្ធដឹកនាំ និងអភិបាលកិច្ចរបស់ប្រទេសចិន។ គោលគំនិតរបស់លោក ស៊ី ជីនពីង ស្តីពី «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» មិនមែនសំដៅត្រឹមតែការដាក់វិន័យលើសមាជិកបក្សឬការដាក់ទណ្ឌកម្មលើមន្ត្រីដែលប្រព្រឹត្តខុសប៉ុណ្ណោះទេ។

គោលគំនិតនេះ មានវិសាលភាពទូលំទូលាយជាងនេះ ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងផ្ទៃក្នុងបក្ស ការកែលម្អប្រព័ន្ធបទប្បញ្ញត្តិ ការត្រួតពិនិត្យការប្រើប្រាស់អំណាច និងការធានាឱ្យមន្ត្រីគ្រប់កម្រិតបំពេញភារកិច្ចប្រកបដោយវិន័យ និងការទទួលខុសត្រូវ។
ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ បានគូសបញ្ជាក់ថា ការពង្រឹងវិន័យ និងការគ្រប់គ្រងផ្ទៃក្នុងរបស់បក្ស ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ និងការប្រឆាំងអំពើពុករលួយ គឺជាកត្តាដែលអាចជួយពង្រឹងភាពស្អាតស្អំ និងទំនុកចិត្តរបស់ ប្រជាជនចំពោះស្ថាប័នដឹកនាំ។
លោកបណ្ឌិត សាស្ត្រាចារ្យរង នាក់ ចន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានមានប្រសាសន៍ថា ឆ្លងកាត់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន កម្ពុជាបានអនុវត្តយ៉ាងសកម្មនូវការកែទម្រង់រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ការប្រើប្រាស់ទិន្នន័យឌីជីថលសម្រាប់សេវាសាធារណៈ និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែនប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះ កម្ពុជាក៏បានសិក្សាបទពិសោធន៍របស់ប្រទេសចិន មិនមែនដើម្បីក្លាយខ្លួនជាចិននោះឡើយ ប៉ុន្តែគឺដើម្បីកសាងអភិបាលកិច្ចជាតិឱ្យកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ពង្រឹង ជាជាងពង្រីក» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជាចិន ក៏បានមានប្រសាសន៍ថា បទពិសោធន៍នេះ ឆ្លុះបញ្ចាំងថា ភាពជោគជ័យនៃអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចដឹកនាំប្រទេសចិន មិនស្ថិតត្រឹមតែការបង្កើតគោលនយោបាយនិងគោលការណ៍ល្អនោះទេ វាថែមទាំងស្ថិតនៅលើការអនុវត្តឱ្យមានប្រសិទ្ធភាព ការប្រើប្រាស់ធនធានដោយតម្លាភាព និងការធានាឱ្យ សមិទ្ធផលនៃការអភិវឌ្ឍឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនចិនព្រមទាំងបង្កើនកាលានុវត្តភាពនៃការអភិវឌ្ឍសកលថែមទៀតផង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Today


