National
ក្រសួងសុខាភិបាល ទទួលបានជំនួយគ្រាប់ MMS ខណៈអន្តរក្រសួងរួមគ្នាជំរុញកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១៣

ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ បានក្លាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រារព្ធ «ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣» ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
អង្គពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងនិស្សិតសរុបប្រមាណ ៦០០នាក់។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ជំរុញយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ តាមរយៈការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ពង្រឹងសមត្ថភាពបច្ចេកទេស និងរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារពាក់ព័ន្ធ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយឱ្យមានប្រសិទ្ធភាព។ នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្តឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការធ្វើទំនើបកម្មវិស័យកសិកម្ម ឱ្យកាន់តែសម្បូរបែប និងមានភាពធន់ ដើម្បីធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែម និងលើកកម្ពស់ជីវភាពប្រជាជននៅជនបទ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចពីសារៈសំខាន់នៃអាហារូបត្ថម្ភចំពោះសុខភាព ការលូតលាស់ និងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងជំរុញការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការទទួលទានអាហារប្រកបដោយអនាម័យ សុវត្ថិភាព និងជីវជាតិគ្រប់គ្រាន់។ វិស័យកសិកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង តាមរយៈការជំរុញផលិតកម្មកសិកម្មចម្រុះ និងការផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។
បន្ថែមពីលើនោះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការលុបបំបាត់រកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ដូចជា កង្វះអាហារូបត្ថម្ភ កង្វះសារជាតិចិញ្ចឹម (វីតាមីន/ជាតិរ៉ែ) និងលើសអាហារូបត្ថម្ភ។
ស្របពេលដែលកម្ពុជាកំពុងប្រារព្ធពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ក្រសួងសុខាភិបាលកម្ពុជាតាមរយៈលោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Ana Cespedes នាយកប្រតិបត្តិ (CEO) នៃអង្គការ Vitamin Angels កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ ដោយអង្គការ Vitamin Angels បានប្រគល់អំណោយគ្រាប់ជីវជាតិចម្រុះ (MMS) ចំនួន ១០០ ០០០ ដប ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រដំណាក់កាលដំបូងនៃការផ្លាស់ប្តូរពីការប្រើប្រាស់ថ្នាំជាតិដែក/អាស៊ីតហ្វូលីក (IFA) មកប្រើប្រាស់គ្រាប់ MMS សម្រាប់ស្ត្រីមានផ្ទៃពោះក្នុងខេត្តគោលដៅចំនួន ១០ ព្រមទាំងការគាំទ្រកម្មវិធីវីតាមីន A និងការទម្លាក់ព្រូន (VAS+D)។
ក្នុងឱកាសអបអរសាទរ «ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣» ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ - ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតដ៏មានអត្ថន័យជ្រាលជ្រៅ ដោយបានគូសបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យមោទនៈ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រព្រមទាំងអនុសាសន៍គន្លឹះចំនួន ១៦ ចំណុច ឆ្ពោះទៅការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភពេញលេញនៅឆ្នាំ២០៣០។
តាមរយៈការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែងអត្រាប្រេវ៉ាឡង់ភាពក្រិសក្រិន របស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០% មកត្រឹម ២២%, អត្រាស្គមស្គាំង បានធ្លាក់ចុះពី ១៧% មកត្រឹម ៩,៦% និងអត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី ៣៩% មកត្រឹម ១៦%។
ដើម្បីធានាការអនុវត្តប្រកបដោយជោគជ័យ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ និងការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបចំនួន ១៦ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជា «អាទិភាពខ្ពស់បំផុត» នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ តាមរយៈការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងការពង្រឹងសេវាសុខភាពបឋមនៅមូលដ្ឋាន។
រាជរដ្ឋាភិបាល បានកំណត់គោលដៅយ៉ាងមុតមាំថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាគ្រប់រូបនឹងមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងទទួលបានការការពារពីគ្រប់ទម្រង់នៃបញ្ហាអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល គាំពារសង្គម ទឹកស្អាត អនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Today


