National
កម្ពុជាដឹកនាំកិច្ចប្រជុំ ADEIC លើកទី១ ជំរុញការអប់រំការពារជាតិ ពង្រឹងសមត្ថភាពវិជ្ជាជីវៈយោធា

ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំការពារជាតិក្នុងតំបន់អាស៊ាន បានឈានដល់របត់ថ្មីមួយ តាមរយៈការបើកប្រជុំជាផ្លូវការនៃ «កិច្ចប្រជុំលើកទី១ នៃកិច្ចសហការរវាងស្ថាប័នអប់រំការពារជាតិអាស៊ាន» (ASEAN Defence Educational Institutions' Collaboration - ADEIC) បានប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសណ្ឋាគារព្រីនស៍អង្គរ ខេត្តសៀមរាប។
ព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជា តាមរយៈនាយកដ្ឋានកិច្ចការអាស៊ាន សហការជាមួយសាកលវិទ្យាល័យការពារជាតិ ដោយមានការចូលរួមយ៉ាងកុះករពីតំណាងគ្រឹះស្ថានអប់រំយោធា សាកលវិទ្យាល័យការពារជាតិ ស្ថាប័នពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។
ពិធីបើកកិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្រ្តីការពារជាតិអាស៊ាន (ADSOM) កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
នៅក្នុងប្រសាសន៍បើក ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ពីសារៈសំខាន់នៃការប្រែក្លាយក្របខ័ណ្ឌឯកសារ ឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយចីរភាព រវាងស្ថាប័នអប់រំការពារជាតិនៃបណ្តាប្រទេសអាស៊ាន។ ឯកឧត្តមបានរំលឹកថា ការអនុម័តឯកសារទស្សនាទាន ADEIC ឆ្នាំ២០២២ និងវិធាននីតិវិធី ឆ្នាំ២០២៥ គឺជាអ័ក្សយុទ្ធសាស្ត្រក្នុងការប្រែក្លាយការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅជាសកម្មភាពជាក់ស្តែង ដើមី្បលើកកម្ពស់ការអប់រំវិជ្ជាជីវៈយោធា ការកសាងទំនុកចិត្ត និងការរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន។
មានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី១ នៃកិច្ចសហការរវាងស្ថាប័នអប់រំការពារជាតិអាស៊ាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា «ការអនុម័តឯកសារទស្សនាទាន ADEIC ក្នុងឆ្នាំ២០២២ និងវិធាននីតិវិធីក្នុងឆ្នាំ២០២៥ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រែក្លាយការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅជាសកម្មភាព សហប្រតិបត្តិការជាក់ស្តែង ដើម្បីពង្រឹងការអប់រំវិជ្ជាជីវៈយោធា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការកសាងទំនុកចិត្តរវាងប្រទេសសមាជិកអាស៊ាន។ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍ ADEIC ឱ្យក្លាយជាវេទិការសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព ដែលរួមចំណែកដល់ការពង្រឹងសមត្ថភាពវិជ្ជាជីវៈយោធា ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន ឯកភាពអាស៊ាន ព្រមទាំងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
គំនិតផ្តួចផ្តើម ADEIC គឺជាអនុសាសន៍ និងជាគំនិតផ្តួចផ្តើមផ្ទាល់របស់កម្ពុជា ដែលត្រូវបានប្រជុំអនុម័តដោយរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) លើកទី១៦ កាលពីឆ្នាំ២០២២ ក្នុងគោលដៅបង្កើតបណ្តាញទំនាក់ទំនង និងពង្រឹងភាពធន់ក្នុងតំបន់។ កិច្ចប្រជុំលើកទី១ នាខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាចំនួន ៣ លើកកន្លងមក។
ឯកឧត្តម ណឹម សុវត្ថិ បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយអភិវឌ្ឍ ADEIC ឱ្យក្លាយជាវេទិកាសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន និងចីរភាព ដែលមិនត្រឹមតែពង្រឹងសមត្ថភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ឯកភាពអាស៊ាន និងថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ទាំងមូលផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Today


