National
អាជ្ញាធរជាតិអប្សរា បើកដំណើរការស្រះទឹកខាងជើងអង្គរវត្តឡើងវិញ ស្រពពេលកម្ពុជាត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្នាក់អន្តរជាតិដ៏មានសារៈសំខាន់ ដែលនៅសល់តែ ៩ ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងពន្លឿនកិច្ចការរៀបចំខ្លួនយ៉ាងសកម្ម ទាំងការលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានបេតិកភណ្ឌជាតិ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ដើម្បីត្រៀមស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរាបានប្រកាសបើកជាផ្លូវការនូវស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ឱ្យចូលទស្សនា និងថតរូបអនុស្សាវរីយ៍ឡើងវិញហើយ បន្ទាប់ពីការដ្ឋានជួសជុលត្រូវបានបញ្ចប់ជាស្ថាពរាលកាលពីចុងខែតុលា ឆ្នាំ២០២៦។
តាមរយៈការបញ្ជាក់ពីលោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេស និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា មុនពេលជួសជុល ស្រះនេះរងការខូចខាតយ៉ាងខ្លាំងដោយសារអាយុកាល និងអាកាសធាតុ ដែលធ្វើឱ្យបាតស្រះគោករាក់ និងគ្រឹះកាំជណ្ដើរថ្មបាយក្រៀម-ថ្មភក់ពុកផុយឃ្លាតចេញពីគ្នា។ ប៉ុន្តែ បច្ចុប្បន្ន ក្រោមការកែច្នៃបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ ស្រះទឹកខាងជើងនេះនឹងមានទឹកថ្លាយង់ខួបប្រាំងខួបវស្សា ដែលផ្តល់ភាពងាយស្រួលដល់អ្នកទេសចរអាចថតរូបចាំងឆ្លុះស្រមោលកំពូលប្រាសាទអង្គរវត្តបានគ្រប់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសង្កត់ធ្ងន់ថា សមិទ្ធផលនេះនឹងបង្ហាញពីភាពស្រស់ស្អាតនៃបេតិកភណ្ឌជាតិជូនដល់គណៈប្រតិភូហ្វ្រង់កូហ្វូនី ខណៈអាជ្ញាធរក៏បានអំពាវនាវឱ្យភ្ញៀវទេសចរជួយថែរក្សាបរិស្ថាន និងអនាម័យផងដែរ។
គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា នេះ នៅសល់ ៩ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនឹងចាប់ផ្តើមជាបន្តបន្ទាប់ស្របតាមកាលវិភាគផ្លូវការដែលក្រសួងព័ត៌មានបានប្រកាស រួមមាន៖
• ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ សម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) នៅសួនច្បារមុខវត្តបទុមវតី (ចូលទស្សនាដោយឥតគិតថ្លៃ)។
• ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ព្រឹត្តិការណ៍ធុរកិច្ច និងនវានុវត្តន៍ FrancoTech។
• ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨។
• ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ក្រសួងព័ត៌មានបានចេញលិខិតអំពាវនាវយ៉ាងទទូចដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ឱ្យចូលរួមសហការជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំនេះ រួមទាំងវីដេអូឯកសារ និងស្ពតពាក់ព័ន្ធនឹងកេរដំណែលវប្បធម៌ និងភាសាបារាំង ដើម្បីលើកស្ទួយកិត្យានុភាព និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិឱ្យបានផុសផុល៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Today


