National

November 10, 2026 at 10:24 AM
Melea_Sovannary

១សប្តាហ៍ ដើមខែវិច្ឆិកានេះ កម្ពុជាបណ្តេញជនបរទេសល្មើសច្បាប់ និងពាក់ព័ន្ធ Online Scams ចេញពីកម្ពុជា ៣ករណីផ្សេងគ្នា

១សប្តាហ៍ ដើមខែវិច្ឆិកានេះ កម្ពុជាបណ្តេញជនបរទេសល្មើសច្បាប់ និងពាក់ព័ន្ធ Online Scams ចេញពីកម្ពុជា ៣ករណីផ្សេងគ្នា

ភ្នំពេញ, ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្នុងស្មារតីលុបបំបាត់បទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានអនុវត្តប្រតិបត្តិការបណ្ដេញជនជាតិបរទេសល្មើសច្បាប់សរុប ២៤០ នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ចំនួន ៣ ករណី នាដើមខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

យោងតាមរបាយការណ៍ផ្លូវការ ការអនុវត្តនីតិវិធីបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ រួមមាន៖

1. ករណីទី១៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដោយមានការសម្របសម្រួលសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានបណ្ដេញជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ៤៥ នាក់ (ស្រី ០៧ នាក់) ចេញពីកម្ពុជាតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុមជនបរទេសទាំងនេះត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

2. ករណីទី២ ៖ កម្លាំងសមត្ថកិច្ចបានសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា រៀបចំយន្តហោះពិសេស ដើម្បីបណ្ដេញជនជាតិចិនសរុបចំនួន ១៦៣ នាក់ (ស្រី ០៥ នាក់) ចេញពីកម្ពុជាតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជនជាតិចិនទាំងនេះត្រូវបានរកឃើញថា បានលួចឆ្លងដែន លួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបទល្មើសផ្សេងៗទៀត។

3. ករណីទី៣ ៖ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ៣២ នាក់ (ស្រី ០៧ នាក់) ផ្សេងទៀត ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី៤ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមបទចោទប្រកាន់ពីបទលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។

ប្រតិបត្តិការបោសសម្អាត និងបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងក្រោមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសជំហរយ៉ាងច្បាស់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាទីតាំងឆបោក ឬបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ដោយអាជ្ញាធរត្រូវតែបន្តបង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជាក់ពីការបន្តស្រាវជ្រាវបង្ក្រាបដល់មេខ្លោង ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅប្រទេសដើមវិញដោយសុវត្ថិភាពផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Today

រូបភាព៖ ករណីទី៣
រូបភាព៖ ករណីទី៣
រូបភាព៖ ករណីទី២
រូបភាព៖ ករណីទី២
រូបភាព៖ ករណីទី១
រូបភាព៖ ករណីទី១